សិក្ខាសាលាអន្តរជាតិស្ដីពី "ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការអភិវឌ្ឍអុិនធឺណិតល្បឿនលឿន កាតព្វកិច្ចសេវាសកល និងការកសាងសមត្ថកិច្ច"

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការអភិវឌ្ឍអ៊ិនធឺណិតល្បឿនលឿន កាតព្វកិច្ចសេវាសកល និងការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សិក្ខាសាលានេះរៀបចំឡើងដើម្បីប្រមូលផ្តុំនូវទស្សនៈនិងមតិយោបល់​ពីអ្នកជំនាញការជាតិនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងនិងស្ថាប័នដែលពាក់ព័ន្ធ រួមទាំងអ្នកជំនាញការអន្តរជាតិនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)​ និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់​​សហរដ្ឋអាមេរិក (USAID) និងប្រតិបត្តិករទូរគមនាគមន៍ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ អ៊ិន​ធឺណិតល្បឿនលឿន កាតព្វកិច្ចសេវាសកល និងការកសាងសមត្ថភាព និងការស្រាវជ្រាវនិង    ការអភិវឌ្ឍ។

សិក្ខាសាលាត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។​ នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីប្រវត្តិនៃប្រទេសកម្ពុជា ដែលបានក្លាយជាសមាជិកនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ​នាឆ្នាំ១៩៥២ ពោលគឺមួយឆ្នាំមុនពេលកម្ពុជាបានទទួលឯករាជ្យពេញលេញពីប្រទេសបារាំង និងទទួលជំនួយបច្ចេកទេសនានា ដែលផ្តល់ដោយ ITU ចាប់តាំងពីការបោះឆ្នោតជាសកលលើកទី០១ នាឆ្នាំ១៩៩៣។ នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ០២ ចំណុច ដែលសិក្ខាសាលា​អាចពិចារណាក្នុងការរៀបចំ គោលនយោបាយអភិវឌ្ឍន៍អ៊ិនធឺណិតល្បឿនលឿន កាតព្វ​កិច្ច​សេវាសកល និងការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ រួមមាន ចំណុចទី០១ តួនាទីដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសតួនាទីដឹកនាំសម្របសម្រួលរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុង​ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសូវែនានាសម្រាប់អ៊ិនធឺណិតល្បឿនលឿន និងចំណុចទី០២ កិច្ចសហការរបស់គ្រប់ភាគីដែលពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ឯកជន និងស្ថាប័នពាក់ព័ន្ធ​នានា ដែលអាចជួយជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍នេះឲ្យបានទទួល លទ្ធផលជាផ្លែផ្កា។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរដល់ វាគ្មិន និងសហការី​ទាំងអស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាពិសេសមន្ត្រីរាជការនៃអគ្គនាយកដ្ឋានប្រៃសណីយ៍​និងទូរ​គម​​នាគមន៍ ដែលបានរៀបចំសិក្ខាសាលានេះឡើង និងបានថ្លែងអំណរគុណអ្នកចូលរួមទាំងអស់ ដែលបាន​ចូលរួមស្តាប់និងពិភាក្សានៅសិក្ខាសាលានេះ។

វាគ្មិនដែលចូលរួមសិក្ខាសាលានេះមកពីក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ អ្នកជំនាញការអន្តរជាតិនៃសហភាពទូរគមនាគមន៍អន្តរជាតិ(ITU)​ និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋ អាមេរិក (USAID) និងមានការចូលរួមស្តាប់និងពិភាក្សាពីសំណាក់ តំណាងនិយ័តករទូរគមនាគមន៍កម្ពុជា ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងផែនការ និងតំណាងទូរគមនាគមន៍កម្ពុជា រួមទាំងប្រតិបត្តិករ ទូរគមនាគមន៍។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឡើងថ្លែងបិទ​សិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបិទ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះវាគ្មិនជាតិនិងអន្តរជាតិ ភ្ញៀវកិត្តិយស សហការី និងធ្វើការបញ្ជាក់បន្ថែម​ថា បទពិសោធន៍ មេរៀន និងឧត្តរមានុវត្ត​ទាំងឡាយ​ដែលត្រូវបានចែករំលែក​ដោយ​វាគ្មិន​ទាំងអស់ក្នុងព្រឹត្តិការណ៍ថ្ងៃនេះ នឹងជាវិភាគទាន​ដល់ការរៀបចំគោលនយោបាយជាតិអ៊ិនធឺណិតល្បឿនលឿន គោលនយោបាយកាតព្វកិច្ចសេវាសកល និងការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍ និងអនុក្រឹត្យ​ពាក់ព័ន្ធ ដែលជាផ្នែកមួយនៃការសម្រេចបាននូវគោលបំណង គោលដៅ និងទស្សនវិស័យរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យ​ទូរគមនា​គមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០។​

អត្ថបទជាប់ទាក់ទង