លោកជំទាវអនុរដ្ឋលេខាធិការ ជ្រឹង បុទុមរង្សី អញ្ជើញជាអធិបតីក្នុងពិធីចុះផ្សព្វផ្សាយការងារយេនឌ័រ និងសំណេះសំណាលជាមួយមន្ត្រីរាជការនិយោជិកប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល និងខេត្តតាកែវ
លោកជំទាវអនុរដ្ឋលេខាធិការបានពាំនាំនូវសេចក្តីនឹករលឹករបស់ឯកឧត្ដមរដ្ឋមន្រ្តី និងបានសួរសុខទុក្ខទៅកាន់មន្រ្តីរាជការ និងនិយោជិកក្នុងមន្ទីរ ប.ទ ខេត្តទាំងពីរ និងបានធ្វើការផ្សព្វផ្សាយដល់មន្រ្ដីរាជការ និងនិយោជិកទាំងអស់ពីការទប់ស្កាត់ និងលុបបំបាត់រូបភាពអាសអាភាស និងព័ត៌មានអវិជ្ជមានផ្សេងៗដែលបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម និងគេហទំព័រនានាដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្រី្ត និងគ្រួសារខ្មែរ ព្រមទាំងបានស្នើអោយមន្រ្ដីរាជការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយសីលធម៌ សុជីវធម៌ និងឈ្លាសវៃ និងលើកទឹកចិត្តអោយមន្រ្ដីរាជការ និងនិយោជិកនៅក្នុងមន្ទីរ ប.ទ បន្តខិតខំយកចិត្តទុកដាក់ធ្វើការងារអោយមានប្រសិទ្ធភាពបន្តទៀត។ ក្នុងឱកាសនោះ លោកជំទាវក៏បានសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិយោជិកនៅក្នុងមន្ទីរផ្ដោតសំខាន់លើបញ្ហាប្រឈមក្នុងការបំពេញការងារប្រចាំថ្ងៃ និងទទួលបាននូវសំណូមពរមួយចំនួនដែលបានលើកឡើងដើម្បីពាំនាំព័ត៌មានទាំងអស់នេះជូនដល់ថ្នាក់ដឺកនាំក្រសួង និងឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីស្វែងរកវិធានការ និងដំណោះស្រាយដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីការ និយោជិកក្នុងមន្ទីរ ប.ទ ខេត្តទាំងពីរបំពេញការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត៕