ឯកឧត្ដម កាន ច័ន្ទមេត្តា អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧ (Cambodia ICT Awards 2017) និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ-មន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងអ្នកជំនាញខ្ពង់ផ្នែក ICT មកពីបណ្ដាក្រសួង-ស្ថាប័ន និងក្រុមហ៊ុនជាច្រើនផងដែរ។
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងរៀបចំកម្មពានរង្វាន់ ICT កម្ពុជា លើកទី៣ ដែលជាកម្មវិធីប្រកួតប្រជែងដ៏ធំមួយដើម្បីបង្ហាញនូវសមិទ្ធិផលជោគជ័យនានា លើការធ្វើនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ បេក្ខជនអាចដាក់ពាក្យចូលរួមប្រកួតប្រជែងមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនប្រភេទ Start-up សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ 
កម្មវិធីនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដូចជា៖ ១- លើកកម្ពស់ការយល់ដឹង និងជម្រុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្នុងស្រទាប់សាធារណជនឲ្យកាន់តែទូលំទូលាយ ២- ជួយកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមនជំនួញ និងប្រជាជនដែលរស់នៅតាមបណ្តាខេត្ត និងរាជធានី ៣- ផ្តល់ឱកាស និងលើកទឹកចិត្តក្នុងការធ្វើនវានុវត្តន៍ ការសិក្សាស្រាវ​ជ្រាវ និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៤- រួមចំណែកជម្រុញការអភិវឌ្ឍវិ​ស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះក៏នឹងផ្តល់ឱកាសផ្ទាល់ដល់ជ័យលាភីក៏ដូច ជាក្រុមហ៊ុនដែលត្រូវបានជ្រើសរើសពីកម្មវិធីឲ្យក្លាយជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅចូលរួមកម្មវិធី   ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់អាស៊ានឆ្នាំ២០១៧ (ASEAN ICT Awards 2017) ផងដែរ៕

អត្ថបទជាប់ទាក់ទង