ឯកឧត្ដម ត្រាំ អីុវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “ការពិភាក្សាដោះស្រាយការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងប្រព័ន្ធទូរស័ព្ទចល័ត”
![](https://asset.cambodia.gov.kh/mptc/2020/03/sqBda3Jb-image-2017-3-16-140900.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ០៨:៣០ នាទី នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាដោះស្រាយស្តីពី ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធទូរស័ព្ទចល័ត ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនានា។
![](https://asset.cambodia.gov.kh/mptc/media/2020/03/photo_2017-03-16_13-52-10_1.jpg)
ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
![](https://asset.cambodia.gov.kh/mptc/media/2020/03/photo_2017-03-16_13-52-33_2.jpg)
កិច្ចប្រជុំនេះបានលើកឡើងពីការផ្សាយពាណិជ្ជកម្មកន្លងមករបស់ក្រុមហ៊ុន ទូរស័ព្ទទាំង៣ គឺ Cellcard, Metfone និង Smart គឺជាការប្រកួតប្រជែងដណ្តើមទីផ្សារទូរគមនាគមន៍ដោយនាំគ្នាទម្លាក់តម្លៃសេវាទូរគមនាគមន៍យ៉ាងគំហុក ។ ក្រុមហ៊ុនខ្លះបញ្ចុះតម្លៃទាំងបង្ខំចិត្ត ហើយបានស្នើសុំអោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជួយមានវិធានការដោះស្រាយ ប្រសិនបន្តនឹងធ្វើឲ្យបាត់សណ្តាប់ធ្នាប់ ឬក៏ដួលរលំទីផ្សារទូរគមនាគមន៍កម្ពុជា ។ ផ្អែកលើច្បាប់ទូរគមនាគមន៍ ដែលតម្រូវឲ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានតម្រូវឲ្យប្រតិបត្តិករទូរស័ព្ទទាំង៣ ប្រជុំគ្នាឯកភាពកំណត់តំលៃទាបបំផុតរបស់សេវាទូរគមនាគមន៍សម្រាប់ធ្វើការផ្សព្វផ្សាយ ពាណិជ្ជកម្មនៅអនាគតឲ្យបានមុនថ្ងៃ៣១ ខែមីនា ជាកំហិត ។ ប្រសិនបើមិនមានការឯកភាព ក្រសួងនឹងប្រើតំលៃថ្លៃដើមមួយសិក្សាដោយអ្នកជំនាញឯករាជ្យ ដើម្បីប្រកាសឲ្យប្រតិបត្តិករទាំងអស់អនុវត្ត៕
![](https://asset.cambodia.gov.kh/mptc/media/2020/03/photo_2017-03-16_13-52-45_4.jpg)