ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី ១០៦ ឆ្នាំ​២០១៧

នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១០៦ ឆ្នាំ២០១៧ ក្រោមប្រធានបទ “ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំង ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិតនារីទាំងអស់ក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ទូរគមនាគមន៍កម្ពុជា ប្រៃសណីយ៍កម្ពុជា តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត និងក្រុមហ៊ុនបម្រើសេវាប្រៃសណីយ៍ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែប្រារព្វពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ជាទិវាប្រវត្តិសាស្ត្ររបស់នារីទូទាំងសកលលោកជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះ ជាលើកទី១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវេទិកាពិភាក្សា (សំណួរ-ចម្លើយ) លើប្រធានបទមួយគឺ “ជម្រុញការកសាងសមត្ថភាព និងការចូលរួមរបស់ស្ត្រីស្របតាមការរីកចម្រើននៃវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន” ដោយមានការចូលរួមមតិយោបល់យ៉ាងផុលផុសពីវាគ្មិនរបស់ក្រសួងដើម្បីចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រនេះផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានមតិស្វាគមន៍ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងនិយោជិកគ្រប់លំដាប់ថ្នាក់ដែលបានគាំទ្រនូវរាល់សកម្មភាពលើកកម្ពស់ស្ថានភាពស្រ្តី ដោយមិនមានការរើសអើង និងសូមឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលជាបុរសបន្តការគាំទ្រ និងជម្រុញការបង្កើនសមត្ថភាពរបស់មន្ត្រី និយោជិកជាស្ត្រីក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យទទួលបានតួនាទីធ្វើសេចក្ដីសម្រេច ព្រមទាំងមានសិទ្ធិក្នុងការចូលរួមគ្រប់គ្រងភារៈកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងសូមឱ្យស្ត្រីខិតខំបង្កើនសមត្ថភាពខ្លួនឯង ទាំងផ្នែកបច្ចេកទេស និងភាសា បន្ថែមទៀត។
ជាមួយគ្នានេះ ក្រសួងក៏មានជាកាដូជូនមន្ត្រីរាជការជានារី ព្រមទាំងបានរៀបចំកម្មវិធីចាប់រង្វាន់ ដើម្បីបង្កើនភាពសប្បាយរីករាយ និងបង្កើនភាពជិតស្និតជូនបងប្អូនមន្រ្តីរាជការផងដែរ៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”