ឯក​ឧត្តម​ ត្រាំ​ អុីវ​តឹក​​​ អញ្ជើញ​ជា​អធិបតី​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​អនុវត្ត​ការ​ងារ​ឆ្នាំ​២០១៧ របស់​​ទូរគមនាគមន៍​​​​​​កម្ពុជា​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំទូរគមនាគមន៍​កម្ពុជា​ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រី្ត​​ក្រសួង​ប្រៃសណីយ៍​ និង​​ទូរគមនាមន៍​ បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​​ទិស​ដៅ​​អនុវត្ត​ការងារ​ឆ្នាំ​២០១៧​ របស់​ ទូរគមនាគមន៍​​​​កម្ពុជា​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ឯកឧត្ដម​ លោកជំទាវ​ ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ព្រម​ ទាំង​បុគ្គលិក​ និយោជិក​គ្រប់​នាយក​ដ្ឋាន​ សាខា​ទូរគមនាគមន៍​កម្ពុជា​គ្រប់​ខេត្ត​-ក្រុ​ង​ និង​អង្គភាព​ក្រោម​ឱវាទ​របស់​ទូរគមនាគមន៍​កម្ពុជា​។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ និង​ទូរគមនាមន៍
 

មានប្រសាសន៍នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា៖ កិច្ចប្រជុំនេះមានគោលបំណងអបអរសាទរ និង​ផ្សព្វ​ផ្សាយ​ឲ្យ​កាន់​តែ​ទូលាយ​ អំពី​លទ្ធផល​ដែល​ទូរគមនាគមន៍​កម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៦​ និង​ផ្តល់​ឱកាស​ឲ្យ​យើង​បាន​ពិនិត្យ​ វិភាគ​ វាយ​តម្លៃ​ឲ្យ​បាន​ស៊ី​ជម្រៅ​ និង​ បង្ហាញ​នូវ​ការ​ពិត​ជាក់​ស្តែង​នៃ​ការ​ខិត​ខំប្រឹង​ប្រែង​របស់​និ​យោជិក​ទាំងអស់គ្នា​ ព្រម​ទាំង​បញ្ហា​ប្រឈម​ និង​កាលានុវត្តភាព​នានា​ ដើម្បី​ដាក់​ចេញ​ នូវ​ទស្សនៈ​វិស័យ​ និង​វិធាន​ការ​សមស្រប​សម្រាប់​អនុវត្តឆ្នាំ​២០១៧​។ នៅក្នុង​ឆ្នាំ២០១៦ កន្លងមក បើ​ប្រៀបធៀបវិស័យ​ទូរគមនាគមន៍​ -បច្ចេក វិទ្យា​ទូរគមនាគមន៍​ និង​ព័ត៌មាន​ នៅ​លើ​ពិភព​លោក​គឺបាន​នឹង​ប​ន្ត​រីក​ចំរើន​យ៉ាងខ្លាំង​គួរ​ឲ្យកត់​សម្គាល់​ ហើយ​នៅកម្ពុជា​យើង​វិញ​ក៏​នៅ​តែ​ប​ន្ត​ អភិវឌ្ឍ​ និងរីក​ចម្រើន​ឥត​ឈប់​ឈរផងដែរ​ ព្រម​ទាំង​មានកំណើនខ្ពស់​ទៅលើតម្រូវការ​ប្រើប្រាស់​សេវា​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ ប្រកួត​ប្រជែង​ខ្លាំង​ទាំង​​បច្ចេក​វិទ្យា​​ និង​​តម្លៃ​​។ ជាមួយគ្នា​នេះ ​ទូរគមនាគមន៍​កម្ពុជា​ត្រូវបាន​ជួប​ប្រទះ​នូវ​ការប្រកួត​ប្រជែង​ដ៏​ខ្លាំងខ្លា​ពី​បណ្តា​ ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ធំៗ​ និង​ប្រតិបត្តិករ​ផ្តល់​សេវាអ៊ិន​ធឺណិត​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារបច្ចុប្បន្ន។ ក្នុង​ន័យនេះ ​ទូរគមនាគមន៍កម្ពុជាត្រូវខិតខំប្រឹងប្រែង​អស់​​ពី​កម្លាំង​កាយចិត្ត​ ប្រា​ជ្ញា​ ស្មារតី​ និងត្រូវមានការ​ជួយជ្រោមជ្រែងពី​ក្រសួងជា​អាណាព្យាបាល ព្រមទាំងផ្នែកពាក់ព័ន្ធដើម្បីជម្នះឧបសគ្គដែលជា​​បញ្ហា​ប្រ​ឈម​នា​នា​ទើបទទួលបាននូវលទ្ធផលល្អនៅ​ថ្ងៃនេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​តាម​រយៈ​បទ​បង្ហាញ​នា​ពេល​នេះ​នឹង​ផ្តល់​ឱកាស​ដល់​សមាជិក​ សមាជិកា​អង្គ​ប្រជុំ​ ក្នុង​ការ​រៀន​សូត្រ​ទទួល​យក​បទ​ពិសោធន៍​ ចំណេះ​ដឹង​ថ្មី​ៗ​ ពិសេស​ទៅ​លើ​ភាព​ជា​អ្នក​ដឹក​នាំ​ ការ​ទំនាក់​ទំនង​អតិថិជន​ ការងារ​បច្ចេកទេស​ និង​ការ​ទទួល​ខុស​ត្រូវ​នៅ​តាម​អង្គភាព​នីមួយៗ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​គ្រប់សមាជិក​ សមាជិកា​ អង្គពិធី​ទាំងមូល​ត្រូវ​មាន​ចក្ខុ​វិស័យ​ មហិច្ឆតា​ គោលដៅ​ ការ​រៀប​ចំ​ផែនការ​ និង​ដាក់​ចេញ​នូវ​សកម្មភាព​ច្បាស់​លាស់​ស​ម្រាប់​អនុវត្ត​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ ទូរគមនាគមន៍​ កម្ពុជា។​

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា​ ដោយ​ពិនិត្យ​លើ​សមិទ្ធផល​នានា​ដែល​សម្រេចបាន​ កាលានុវត្តភាព​ ឧត្តមភាព​ប្រៀប​ធៀប​ ជាមួយ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​ជួប​ប្រទះ​កន្លង​មក​ ឯកឧត្តម​បាន​ស្នើរ​ឲ្យ​កិច្ច​ប្រជុំ​ធ្វើ​ការ​យក​ចិត្តទុក​ដាក់​ពិភាក្សា​ទៅ​លើ​ចំណុច​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖​
 ១.  ពិភាក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ដើម្បីរិះរកវិធានការចាំបាច់នានាបន្ថែមសំដៅរកឲ្យឃើញនូវគន្លឹះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​លើ​ផ្នែក​បច្ចេក​ ទេស​ និង​ការ​ងារ​អាជីវកម្​ម
២.  ជំរុញការទប់ស្កាត់យ៉ាងមុតមាំនូវរាល់ភាពអសកម្មទាំងឡាយដែលបង្ក​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ទូរ​គមនាគមន៍​កម្ពុជា​
៣.  កិច្ចប្រជុំត្រូវយកចិត្តទុកដាក់លើវិធានការពង្រីកតំបន់ផ្តល់សេវានៅក្នុងទីក្រុង ទីប្រជុំជន់ ​និង​តំបន់​ដែល​មាន​តម្រូវ​ការ​ចាំ​​បាច់​លើ​ការ​ប្រើ​ ប្រាស់​សេវា​ទូរគមនាគមន៍​
៤.  យកចិត្តទុកដាក់ក្នុងការធ្វើទំនើបកម្មនូវឧបករណ៍បច្ចេកទេស និងបណ្តាញឆ្អឹងខ្នង​ (កាប្លិ៍អុបទិក និងកាប្លិ៍) របស់​ទូរគមនាគមន៍​ នៅ​ក្នុង​ ទីក្រុង​ ទីរួមខេត្ត និងបណ្តាផ្លូវជាតិដែល​កំពុង​រង​នូវ​ផល​ប៉ះពាល់​ពី​កា​រស្តារ​ហេដ្ឋា​រចនា​សម្ព័ន្្ធរបស់​រាជ​រដ្ឋា​ភិបាល​
៥.  ពិភាក្សារកឲ្យឃើញនូវប្រភពចំណូលថ្មីៗបន្ថែមទៀត ដើម្បីទ្រទ្រង់ដល់ដំណើរការ​អាជីវកម្មនៅ​ក្នុង​ឆ្នាំ​២០១៧​ និង​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត​
៦.  ពិភាក្សាអំពីលទ្ធភាពនៃការដាក់ចេញវិធានការតឹងរឹងក្នុងការទាបំណុលឲ្យមានប្រសិទ្ធភាព
៧.  គ្រប់នាយកដ្ឋាន សាខាទូរគមនាគមន៍កម្ពុជាគ្រប់ខេត្ត-ក្រុង និងអង្គភាពក្រោមឱវាទ​ត្រូវ​ពិភាក្សា​ឈាន​ទៅ​ជំរុញ​ការ​ផ្តល់​សេវា​ជូន​ អតិថិជន​ឲ្យ​បាន​ល្អ​ប្រសើរ​។

មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយដែលសម្រេចបានក្នុងឆ្នាំ២០១៦កន្លងមក និងស្នើសុំឲ្យបុគ្គលិក និយោជិកទូរគមនាគមន៍កម្ពុជាទាំងអស់ខិតខំពុះពារជម្នះការងារនៅបណ្ដាឆ្នាំខាងមុខជាបន្តទៅទៀត៕

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍