ឯកឧត្តម ត្រាំ អីុវតឹក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សាវិទ្យាល័យ ហ៊ុន សែន កំពង់លែង ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអមដំណើរ ព្រមទាំងប្រជាពលរដ្ឋមកពីឃុំទាំងប្រាំបួនក្នុងស្រុកកំពង់លែង សរុប ៣១០៦នាក់។
សមិទ្ធិផលដែលត្រូវបានបើកការដ្ឋានសាងសង់នាពេលនោះរួមមាន៖
១-អគារសិក្សា ០១ខ្នង បីជាន់ ៣៦បន្ទប់
២-ទីចាត់ការ និងការិយាល័យ ១ខ្នង ៣បន្ទប់ (មានបន្ទប់កុំព្យូទ័រសម្រាប់គ្រូ និងបន្ទប់បណ្ណាល័យសម្រាប់សិស្សសិក្សាស្រាវជ្រាវ)
៣-ផ្ទះស្នាក់នៅសម្រាប់គ្រូបង្រៀន និងសិស្ស ២ខ្នង ២ជាន់ ២០បន្ទប់
៤-របងជុំវិញ និងខ្លោងទ្វារសាលារៀន
៥-ចាក់ដីបំពេញទីលានកីឡា និងទីធ្លាសាលា
៦-រៀបចំតារាងបាល់ទាត់ បាល់ទះ និងបាល់បោះ។
ទាំងនេះគឺជាអំណោយដ៏ធំធេង និងមានសារៈប្រយោជន៍បំផុត របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ក្មួយៗទាំងអស់នៅក្នុងស្រុកកំពង់លែងទាំងមូល និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំទៅអនាគតសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាមាតាបីតា៕