ឯកឧត្ដម ត្រាំ អីុវតឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧។
គណៈកម្មការអន្តរក្រសួងនេះត្រូវបានបង្កើតឡើងយោងតាមសេចក្ដីសម្រេចលេខ ៤២សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ មានភារកិច្ចដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី27 ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ (TELSOM 27-29 and TELMIN 30 Nov-02 Dec) នៅខេត្តសៀមរាបឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕