ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន IDG បានបើក សិក្ខាសាលាស្តីពី “ការវិវឌ្ឍបច្ចេកវិទ្យា 4G LTEនៅកម្ពុជា”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើក “សិក្ខាសាលាស្តីពីការវិវឌ្ឍបច្ចេកវិទ្យា 4G LTE” នៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលានេះបានរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន IDG ក្រោមប្រធានបទ “សក្តានុពលរបស់បច្ចេកវិទ្យា 4G LTE ជម្រុញឱ្យមានការរីកចម្រើនផ្នែក Internet of Things ឧស្សាហកម្មទាំងមូល” ដែលជាប្រធានបទមានសារៈសំខាន់មួយជាពិសេសសម្រាប់ស្ថានភាពបច្ចុប្បន្ននៃវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយមានការចូលរួមពីតំណាងបណ្តាក្រុមហ៊ុន ប្រតិបត្តិករ ក្រុមហ៊ុនផ្តល់សេវាកម្មខាងវិស័យបច្ចេកវិទ្យា និងធនាគារសរុបប្រមាណ៣០០នាក់។
សិក្ខាសាលាខាងលើនេះក៏នឹងផ្តោតទៅលើប្រធានបទមួយចំនួនរួមមាន ការប្រែក្លាយបច្ចេកវិទ្យាឌីជីថលដើម្បីអភិវឌ្ឍន៍សេវាទូរស័ព្ទចល័ត ការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចផ្អែកលើបច្ចេកវិទ្យា 4G ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យា 4G គុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា 4G ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍នាឱកាសនេះ លោកជំទាវ រស់ សូរក្ខា បានថ្លែងថា៖ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានសក្តានុពលមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍវិស័យ ICT ជាក់ស្តែងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័តកើនឡើងខ្ពស់ ក្នុងនោះការប្រើប្រាស់ Internet មានរហូតដល់ទៅជាង ៧ លាននាក់។ បច្ចុប្បន្នការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ Online និងការផ្ទេរសាច់ប្រាក់តាមប្រព័ន្ទទូរស័ព្ទចល័តមានការកើនឡើង ទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
តាមរយៈការវិវត្ដយ៉ាងលឿននៃបច្ចេកវិទ្យា និងឧស្សាហកម្មឌីជីថលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានបំណងជំរុញល្បឿននៃនវានុវត្តន៍នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសឲ្យផ្សាភ្ជាប់ជាមួយនឹងតំរូវការរបស់សាធារណជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក៕