ឯកឧត្ដម ត្រាំ អីុវតឹក បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៃ​គម្រោង​បណ្ដាញ​ឆ្អឹង​ខ្នង​ទូរ​គមនាគមន៍​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ នៅ​​ទី​រួម​​ខេត្ត​​តាកែវ​​

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៃ​គម្រោង​បណ្ដាញ​ឆ្អឹង​ខ្នង​ទូរគមនាគមន៍​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ (Greater​ Mekong​ Telecommunication​ Backbone​ Network​ Project​) នៅ​សាខា​ទូរ​គមនាគមន៍​កម្ពុជា​ ទី​រួម​ខេត្ត​តា​កែវ​។​ កម្មវិធី​នេះ​មាន​វត្ត​មាន​ចូល​រួម​ដោយ​ឯកឧត្ដម​ Hide​ Hisa​ HORINOUCHI​ ឯក​អគ្គរាជ​ទូត​ នៃ​ព្រះរាជាណា​ចក្រ​ជប៉ុន​ ប្រចាំ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​ ព្រម​ទាំង​ឯកឧត្ដម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ភ្ញៀវ​កិត្តិយសជាតិ​-អន្តរ​ជាតិ​ និង​​សិស្សា​នុ​សិស្ស​ជា​ច្រើន​ផង​ដែរ​។



មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​សមិទ្ធិផល​ថ្មី​នេះ​ដែល​កើត​ឡើង​ក្រោម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ទូរ​គមនាគមន៍​កម្ពុជា​ក្នុង​បេសក​កម្ម​អភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​​ និង​ព័ត៌​មាន​នៅ​កម្ពុជា​។​ ឯកឧត្ដម​រដ្ឋ​មន្ត្រី​បាន​ចាត់​ទុក​ការ​តភ្ជាប់​ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​បណ្ដាញ​ឆ្អឹង​ខ្នង​ទូរ​គមនាគមន៍​មហា​អនុ​តំបន់​ទន្លេ​មេគង្​គ (GMTBNP​/CP-P5)​ ជា​សមិទ្ធិផល​មហា​សាល​ដែល​បាន​ត​ភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​នៃ​មហា​អនុតំបន់​ទន្លេ​មេគង្គ​ដូចជា​ ចិន​ មី​យ៉ាន់​ម៉ា​ ឡាវ​ ថៃ​ កម្ពុជា​ វៀតណាម​ និង​ភ្ជាប់​ទៅ​កាន់​ពិភព​លោក​។ ថ្លែង​ក្នុង​ឱកាស​នោះ​​  ឯក​ឧត្ដម​រដ្ឋ​មន្ត្រី​ បាន​សម្ដែង​ការ​កោត​សរសើរ​ដល់​ថ្នាក់​ដឹក​នាំ​និង​និយោជិត​ទូរ​គមនាគមន៍​កម្ពុជា​ ទី​ភ្នាក់​ងារ​ JI​CA ​ទី​ប្រឹក្សា​គម្រោង​ KDDI-F​ និង​ក្រុមហ៊ុន​ MC​/ASB​ ដែល​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​អាជ្ញា​ធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ជា​ស្ថាពរ​ និង​ជាទី​មោទន​។

ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ GMTBNP​ CP​-P5​ ត្រូវ​បាន​ផ្ដល់​ហិរញ្ញ​ប្បទាន​ និង​ជំនួយ​បច្ចេកទេស​ដោយ​ប្រជាជន​ និង​រដ្ឋា​ភិបាល​ជប៉ុន​ តាម​រយៈ​ភ្នាក់​ងារ​ JICA​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រហែល​ ៣៩​ លាន​ដុល្លារ​ ក្នុង​ការ​ស្ថាប​នា​រួម​មាន​៖
​- ការ​ស្ថាបនា​បណ្តាញ​ខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងប្រវែង ៤៦៧ គ.ម លាត​សន្ធឹង​ពី​កំពង់​ចាម​ រហូត​ដល់​ខេត្ត​ព្រះសីហនុ​ និង​បណ្តាញ​កាប្លិ៍​ក្នុង​ខេត្ត​-ទី​ប្រជុំជន​ ប្រវែង​ ២៩៩​ គ.ម​។​
– ការ​ស្ថាបនា​អគារ​​ទូរ​គមនាគមន៍​ថ្មី​ចំនួន​ ១០​ កន្លែង​ទៀត​​ សម្រាប់​បំពាក់​បរិក្ខារ​បញ្ជូន​ស៊ី​ញ៉ាល់​ ប្រព័ន្ធ​ផ្គត់​ផ្គង់​ចរន្ត​អគ្គីសនី​ស្វ័យ​ប្រវត្តិ​ និង​ការិយា​ល័យ​អាជីវកម្ម ​នៅ​ទី​តាំង ​ព្រៃទទឹង​ តាខ្មៅ​ តាកែវ​ ត្រាំកក់​ បន្ទាយមាស​ កំពង់​ត្រាច​ កែប​ កំពត​ ព្រៃនប់​ និង​ក្រុង​ព្រះសីហនុ​។​

 តាម​រយៈ​បណ្តាញ​កាប្លិ៍​អុប​ទិក​នេះ​ កម្ពុជា​អាច​ទាញ​យក​បាន​នូវ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា៖​
 ១. ​ការ​បង្កើន​ថវិការ​ជាតិ​
 ២. ​ការ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​រីក​ចំរើន​នៃ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​ និង​ព័ត៌មាន​
 ៣.​ ការ​ផ្លាស់​ប្តូរ​បច្ចេក​វិទ្យា​ព័ត៌​មាន​ថ្មី​ៗ
​ ៤.​ ការ​បញ្ជូន​ចរន្ត​សេវា​ជា​សំលេង​ រូបភាព​ វីដេអូ​ស្រប​ពេល​ជាមួយ​គ្នា​ និង​ប្រព័ន្ធ​អ៊ីន​ធឺ​ណេត​ព្រម​ទាំង​សេ​វា​ទូរ​គមនាគមន៍​ផ្សេងៗ​ទៀត​គ្រប់​ប្រភេទ​ទៅ​វិញ​ទៅ​មក​ និង​ធ្វើ​ទំនាក់​ទំនង​យ៉ាង​ទូលំ​ទូលាយ​ទៅ​កាន់​ពិភព​លោក​ក្នុង​តម្លៃ​សមរម្យ​៕​

 

អត្ថបទជាប់ទាក់ទង