ឯកឧត្ដម ត្រាំ អីុវតឹក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីអំពី"ការតម្រង់ទិសដល់អ្នកស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាតិ/អន្តរជាតិ ប្រចាំឆ្នាំ២០១៧"
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីអំពី"ការតម្រង់ទិសដល់អ្នកស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាតិ/អន្តរជាតិ ប្រចាំឆ្នាំ២០១៧" នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីធ្វើការណែនាំ និងតម្រង់ទិសដល់ក្រុមអ្នកស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាតិ-អន្តរជាតិ មុនពេលពួកគេចុះធ្វើបេសកកម្មទៅតាមបណ្តាខេត្ត (ឃុំ/សង្កាត់) ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមអ្នកស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺជាកម្មវិធីមួយដែលផ្តល់ជាឱកាសដល់យុវជនជាតិ និងអន្តរជាតិ បានចុះមូលដ្ឋាន (ឃុំ/សង្កាត់) តាមបណ្ដាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាលលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានទៅដល់មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋផ្ទាល់ផងដែរ។ មួយវិញទៀត គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់លើការអភិវឌ្ឍវិស័យ ICT និងសម្រាប់អភិវឌ្ឍន៍ ឃុំ/សង្កាត់ និងផ្តល់ឲ្យសិស្សានុសិស្សទាំងក្នុង និងក្រៅប្រទេសបានមានឱកាសចូលរួមចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងនៅតាមថ្នាក់មូលដ្ឋាន និងទីជនបទ ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។
សូមបញ្ជាក់ផងដែរថា នៅឆ្នាំនេះ ប្រទេសកម្ពុជាបានទទួលអ្នកស្ម័គ្រចិត្តជាជនជាតិចំនួន ៤ក្រុម (១៦នាក់) នឹងត្រូវបញ្ជូនទៅខេត្តចំនួន ៤ ខេត្ត៖ កោះកុង កំពត ព្រៃវែង និងនៅរាជធានីភ្នំពេញ។ សម្រាប់កម្មវិធីអ្នកស្ម័គ្រចិត្តជាតិមានចំនួន ៦ ក្រុម (មាន ២៤នាក់) នឹងត្រូវបញ្ជូនទៅឃុំចំនួន ៦ ក្នុងស្រុកទឹកផុស និងស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង នៅដើមខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕