ឯកឧត្ដម ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោកស្រី កើត ស៊ីធាម ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន ជំនួសលោក ហ៊ុយ សារិន ដែលត្រូវចូលនិវត្តន៍ និងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាភ្ញៀវកិត្តិយស មន្ត្រីរាជការមកពីមន្ទីរស្ថាប័នជុំវិញខេត្ត សរុបចំនួន ២៦០នាក់។
នៅក្នុងឱកាសនេះដែរ លោកស្រី កើត ស៊ីធាម ដែលទើបទទួលបានការតែងតាំងថ្មី បានថ្លែងអំណរគុណ និងបានប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការបំពេញការងារ និងបន្តជំរុញការអនុវត្តការងារឲ្យរឹតតែប្រសើរឡើងថែមទៀត ដើម្បីជាប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ថ្លែងទៅកាន់អង្គពិធីនាឳកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍កោតសរសើរចំពោះស្មារតីទទួលខុសត្រូវ អំណត់ព្យាយាមរបស់លោក ហ៊ុយ សារិន ក្នុងការដឹកនាំសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់រហូតមកក្នុងការកសាង និងជំរុញការអភិវឌ្ឍន៍មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន ដោយបានធ្វើឲ្យវិស័យទាំងបីមានការរីកចំរើនគួរឲ្យកត់សម្គាល់។
ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើរដល់លោកស្រីប្រធានមន្ទីរដែលទើបបានតែងតាំង និងប្រគល់ភារកិច្ចថ្មីថា "ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗ បូកផ្សំជាមួយបទពិសោធន៍ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារឲ្យរឹតតែប្រសើរឡើងថែមទៀតជាប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់"។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានផ្តល់នូវអនុសាសន៍ និងគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជំរុញឲ្យវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ កាន់តែទទួលបានជោគជ័យថ្មីៗថែមទៀត។
ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា "អគាររដ្ឋបាលដែលត្រូវសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះក៏ជាសមិទ្ធផលថ្មីមួយបន្ថែមលើសមិទ្ធផលផ្នែកហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលជាច្រើនទៀតដែលក្រសួងសម្រេចបានរួចហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីរួមចំណែកអនុវត្តន៍គោលនយោបាយនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី"។ ឯកឧត្ដមបានបន្តទៀតថា "អគាររដ្ឋបាលថ្មីនេះគឺជាការយកចិត្តទុកដាក់របស់ក្រសួងដើម្បីឲ្យមន្រ្តីរាជការរបស់មន្ទីរមានកន្លែងធ្វើការសមរម្យបំពេញការងារប្រកបដោយផាសុខភាព និងប្រសិទ្ធភាពខ្ពស់។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា អស់លោក-លោកស្រី នឹងបន្តភាពសកម្មជំរុញធ្វើឲ្យវិស័យទាំងបីរបស់ក្រសួងមានការរីកចំរើនប្រែប្រួលថែមទៀត និងខិតខំថែរក្សាប្រើប្រាស់សមិទ្ធិផលថ្មីដែលសម្ពោធនាពេលនេះឲ្យបានគង់វង់យូរអង្វែងសម្រាប់ជាគុណប្រយោជន៍ជាតិ និងមាតុភូមិរបស់យើង"។
គួរបញ្ជាក់ផងដែរថា៖ អគាររដ្ឋបាលថ្មីនេះ បានចាប់ដំណើរការសាងសង់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ដោយក្រុមហ៊ុនស៊ីវិល ខនស្ត្រាក់សិន ត្រាស ដែលសាងសង់ពីបេតុង មានកំពស់ ០២ជាន់ តំបូលប្រកក្បឿង មានបណ្ដោយ ២៣ម៉ែត្រ ទទឹង ១២ម៉ែត្រ ចែកជា ០៩បន្ទប់៕