សិក្ខាសាលាស្ដីពី «ការផ្ដល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពី «ការផ្ដល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»។
នៅក្នុងអនុក្រឹត្យនេះមានគោលបំណងដើម្បីធានាការគ្រប់គ្រងឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ធានា និងលើកទឹកចិត្តការប្រមូលផ្តុំប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្នុងន័យជំរុញនវានុវត្តន៍ កំណើនសេដ្ឋកិច្ច និងការកៀរគរចំណូលថវិកាជាតិ និងធានាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជន។
គោលដៅសំខាន់ៗរបស់អនុក្រឹត្យនេះមានចំនួនពីរ៖
១. លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការព្យួរ ការផ្ទេរ និងការដកហូតការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
២. ការត្រួតពិនិត្យ និងការតាមដានការអនុវត្តលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ។