ឯកឧត្តម ត្រាំ អីុវតឹក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូលអន្តរជាតិស្តីពី «ហេដ្ឋារចនាសម្ព័ន្ធ» រៀបចំដោយក្រុមហ៊ុន edotco នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូលអន្តរជាតិស្តីពី «ហេដ្ឋារចនាសម្ព័ន្ធ» ដើម្បីពិភាក្សាពីការអភិវឌ្ឍផែនការមេនៃវិស័យ ICT ឆ្នាំ២០២០នៅកម្ពុជា ដែលរៀបចំដោយ ក្រុមហ៊ុន edotco ដែលជាក្រុមហ៊ុនឈានមុខគេក្នុងតំបន់អាស៊ី ក្នុងការផ្តល់ជូននូវសេវាកម្មចម្រុះផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្រ្តីរដ្ឋាភិបាល មេដឹកនាំធុរកិច្ច និងអ្នកជំនាញផ្នែកទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរយៈពេលពេញមួយថ្ងៃនេះនឹងធ្វើការពិភាក្សារួមគ្នាដោះស្រាយបញ្ហា និងស្វែងរកឱកាសក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងស្តីពី «ការគ្រប់គ្រងបង្គោលអង់តែន បទប្បញ្ញត្តិនៃវិស័យទូរគមនាគមន៍ និងក្របខ័ណ្ឌអាជ្ញាប័ណ្ណនៅកម្ពុជា»។
លោក Suresh Sidhu អគ្គនាយកក្រុមហ៊ុន edotco Group បានលើកឡើងថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការបង្កឲ្យមានឱកាសជួបជុំអ្នកជំនាញខាងវិស័យទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កិច្ចប្រជុំកំពូលនៅកម្ពុជានាឆ្នាំនេះ។ យើងបានគាំទ្រដល់ចក្ខុវិស័យ ICT ឆ្នាំ២០២០ របស់ប្រទេសកម្ពុជា តាមរយៈការផ្តល់នូវវេទិការដ៏មានតម្លៃនាពេលនេះ សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងភាគីសំខាន់ៗដែលត្រូវការជាចាំបាច់ដើម្បីបង្កើនការយល់ដឹងអំពីការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ហើយក៏នឹងរិះរកពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលមាននៅក្នុងវិស័យនេះផងដែរ»។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ដោយបានបង្ហាញពីបរិយាកាសនៃវិស័យទូរគមនាគមន៍នៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ដោយបានលើកឡើងអំពីមហិច្ឆតារបស់កម្ពុជាក្នុងការតភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលនៅត្រឹមឆ្នាំ២០២០ ហើយបានទទួលស្គាល់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការសម្រេចបាននូវការត្រៀមខ្លួនរួចជាស្រេចក្នុងវិស័យ ICT។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «កម្ពុជាបានទទួលជោគជ័យជាច្រើនទាក់ទងនឹងការអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ហើយវាគឺជាជោគជ័យមួយដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែង និងភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនជាចម្បងតាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤ ~ ២០១៨ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការបង្កើតគោលនយោបាយទូរគមនាគមន៍ / ICT និងច្បាប់ ជាពិសេសច្បាប់ទូរគមនាគមន៍ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា «កិច្ចប្រជុំកំពូលនេះ ជាការជួបជុំផ្លាស់ប្តូរ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមតិយោបល់រវាងមន្រ្តីជាន់ខ្ពស់ និងតួអង្គសំខាន់ៗ ក្នុងឧស្សាហកម្មទូរគមនាគមន៍ ដោយវាបានបង្កើតឲ្យមានជាការពិភាក្សាគ្នាដើម្បីរិះរកវិធីសាស្រ្តយ៉ាងណាឲ្យសម្រេចបាននូវចក្ខុវិស័យនៃ ICT របស់កម្ពុជា។ រាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជានឹងមានប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់១០០% នៅតំបន់ប្រជុំជន និង៧០% នៅតំបន់ជនបទ នាឆ្នាំ២០២០ ហើយសហការគ្នាយ៉ាងសកម្ម និងជិតស្និទ្ធជាមួយក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធដែលមានជំនាញ គឺជាគន្លឹះដ៏សំខាន់ដើម្បីធានាថាយើងកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវ។ តាមរយៈគំនិតផ្តួចផ្តើមរបស់ edotco ក្នុងការនាំមកនូវការតភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយប្រកបដោយការច្នៃប្រឌិតនេះ វាពិតជាបានបង្ហាញអោយឃើញកាន់តែច្បាស់ពីការគាំទ្រចំពោះវិស័យ ICT របស់ប្រទេសកម្ពុជា»៕