កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការអភិវឌ្ឍកុមារ២០១៦~២០១៨ និងការបង្កើតក្រុមការងារដើម្បីកុមារ»
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ លោកជំទាវ ជ្រឹង បុទុមរង្សី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពី «ការអភិវឌ្ឍកុមារ ២០១៦~២០១៨ និងការបង្កើតក្រុមការងារដើម្បីកុមារ» នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ២ គឺផ្សព្វផ្សាយផែនការសកម្មភាពជាតិដើម្បីកុមារឆ្នាំ ២០១៦~២០១៨ និងជំរុញបង្កើតក្រុមការងារប្រចាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ញ៉េប សុភាព អគ្គលេខានៃក្រុមប្រឹក្សាជាតិដើម្បីកុមារ លោកជំទាវ ប៊ូ សោភ័ណ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិដើម្បីកុមារ និងមន្ត្រីនៃស្ថាប័នទាំង២។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ជ្រឹង បុទុមរង្សី បានសម្តែងនូវការអរគុណដល់ លោកជំទាវ ញ៉េប សុភាព និងក្រុមការងារនៃក្រុមប្រឹក្សាជាតិដើម្បីកុមារដែលជួយរៀបចំកិច្ចប្រជុំនេះ និងធ្វើបទបង្ហាញអំពីផែនការសកម្មភាពពាក់ព័ន្ធនឹងការគាំពារដល់កុមារជូនដល់សិក្ខាកាមនៅក្នុងអង្គពិធី។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានស្នើឲ្យសិក្ខាកាមក្នុងអង្គពិធីទាំងអស់យកចិត្តទុកដាក់ស្តាប់ ដើម្បីស្វែងរកដំណោះស្រាយរួមក្នុងការជំរុញការផ្សព្វផ្សាយ ការអប់រំ និងការគាំពារដល់កុមារពីហានិភ័យផ្សេងៗដែលអាចកើតឡើងចំពោះពួកគាត់ ព្រោះកុមារគឺជាសសរទ្រូងរបស់ជាតិដែលមានតួនាទីចូលរួមជួយអភិវឌ្ឍប្រទេសនៅពេលខាងមុខ។
ជាចុងក្រោយ លោកជំទាវក៏បានបន្ថែមថា « ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាស្ថាប័នមួយដែលផ្តោតសំខាន់ទៅលើវិស័យបី សំខាន់ៗគឺ វិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ ដែលមានឥទ្ធិពលខ្លាំងចំពោះសង្គមបច្ចុប្បន្ន ដូច្នេះហើយ ក្រសួងនិងស្ថាប័នដែលពាក់ព័ន្ធនឹងសហការគ្នាពង្រឹងការយកចិត្តបន្ថែមលើសកម្មភាពដែលបានធ្វើកន្លងមកក្នុងការគាំពារ ផ្តល់ឱកាស និងផ្តល់ចំនេះដឹងពាក់ព័ន្ធនឹងកុមារ »។