ឯកឧត្ដម ត្រាំ អុីវតឹក អនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនាវាអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងប្រៃសណីយ៍
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម មុនចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៤ ឆ្នាំ២០១៧។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដល់ប្រតិភូយុវជន និងផ្តល់នូវអនុសាសន៍ណែនាំព្រមទាំងចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងកិច្ចការងារប្រជុំអាស៊ាននានា ក្រៅពីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រតិភូយុវជនអោយយកចិត្តទុកដាក់លើវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់នៃបណ្តាប្រទេសអាស៊ាន។
ពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ព័ត៌មានអោយប្រតិភូយុវជនបានដឹងអំពីសាវតាខ្លះៗរបស់ក្រសួង ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍កម្ពុជា និងភាពជឿនលឿននៃវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យានៅប្រទេសកម្ពុជា ជាពិសេសមួយរយៈពេលចុងក្រោយនេះក្រសួងក៏បានចូលរួមដាក់ឲ្យដំណើរការនូវបច្ចេកវិទ្យា 4.5G ផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងបានផ្តែផ្តាំអោយក្មួយៗចេះថែរក្សាសុខភាព ព្រមទាំងខិតខំប្រឹងប្រែងទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីកសាងសមត្ថភាពបន្ថែមទៀតអោយសក្តិសមជាយុវជនតំណាងប្រទេសជាតិ និងជាយុវជនឆ្នើមរបស់កម្ពុជាលើឆាកអន្តរជាតិ៕