កិច្ចប្រជុំពិភាក្សាការងារនៃគណៈកម្មាធិការរៀបចំជំរុញការអភិវឌ្ឍខាងផ្នែកពាណិជ្ជកម្មអេឡិកត្រូនិក (Postal E-Service)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារនៃគណៈកម្មាធិការរៀបចំជំរុញការអភិវឌ្ឍខាងផ្នែកពាណិជ្ជកម្មអេឡិកត្រូនិកក្នុងវិស័យប្រៃសណីយ៍ (Postal E-Service) នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
នៅក្នុងកិច្ចប្រជុំនេះ ប្រៃសណីយ៍កម្ពុជាបានរៀបចំធ្វើបទបង្ហាញស្តីពី «សកម្មភាពការងារ និងចក្ខុវិស័យរបស់ប្រៃសណីយ៍កម្ពុជាដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ន និងនាពេលអនាគត» ដែលរៀបចំដោយ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា។
បទបង្ហាញនេះបានផ្តោតទៅលើខ្លឹមសារសំខាន់ៗ៣ គឺ៖
១ ទីផ្សារអ្នកប្រើប្រាស់ និងទំហំសេដ្ឋកិច្ចរបស់កម្ពុជា ប្រជាសាស្រ្ត ភូមិសាស្រ្ត និងទំហំសេដ្ឋកិច្ច
២ វឌ្ឍនៈភាពដំណើរការរបស់ប្រៃសណីយ៍កម្ពុជាលើការរីកចម្រើននៃរចនាសម្ព័ន្ធ គម្រោងវិនិយោគ និងសកម្មភាពនានា
៣ ចក្ខុវិស័យ គោលបំណង និងផែនការសកម្មភាព ក្នុងការពង្រឹង និងពង្រីកសេវាកម្មនាថ្ងៃអនាគត៖
– ផ្តល់សេវា ePost និង eCommerce
– ពង្រឹងសេវាផ្ទេរប្រាក់ឈ្មោះ PosTransfer
– ពង្រីកការផ្សព្វផ្សាយទីផ្សារ បង្កើនការប្រើប្រាស់សាវាបញ្ញើរប្រៃសណីយ៍
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អោក បូរ៉ា បានលើកឡើងថា "ដោយមើលឃើញពីភាពរីកចំរើនជឿនលឿននៃទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិក ប្រៃសណីយ៍កម្ពុជាបានសហការជាមួយនឹងបណ្តាក្រុមហ៊ុនជាច្រើន ដើម្បីវិវត្តន៍វិស័យប្រៃសណីយ៍កម្ពុជាតាមបែបប្រពៃណីអោយក្លាយជាវិស័យប្រៃសណីយ៍តាមបែបអេឡិកត្រូនិកវិញ ដោយអនុវត្តជា៣ជំហានគឺ ជំហានទី១ ជំរុញអ្នកជំនួញពីតាមផ្ទះរឺហាងអាចលក់ទំនិញតាមអនឡាញ (សេវាទិញទំនិញតាមអនឡាញ E-Commerce) ជំហានទី២ ផ្តល់នូវការទូទាត់តាមអនឡាញដែលគួរឲ្យទុកចិត្តបានជាមួយនឹង E-Banking Account (សេវាទូរទាត់ទំនិញតាមអនឡាញ E-Payment) និងជំហានទី៣ ហិរញ្ញវត្ថុខ្នាតតូច និងការប្រមូលមូលនិធី (សេវាកម្មហិរញ្ញវត្ថុតាមអនឡាញ E-Finance Service)" ។
ដូចនេះហើយ ប្រៃសណីយ៍កម្ពុជាបានសហការជាដៃគូរជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុកដើម្បីបង្កើតក្រុមហ៊ុនថ្មីដែលមានឈ្មោះថា “ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជាអុីសូលូសិន (Cambodia Post eSolution)” ដោយបំរើសេវាកម្ម ePost និង eCommerce។ ជាមួយគ្នានេះដែរ ប្រៃសណីយ៍កម្ពុជាក៏បានសហការជាមួយក្រុមហ៊ុន EZE App Co., ដើម្បីបង្កើតកម្មវិធីសំរាប់សម្រួលដល់ការផ្តល់សេវាប្រៃសណីយ៍ជូនប្រជាពលរដ្ឋដោយគ្រាន់តែធ្វើការបញ្ជាទិញលក់ ការទូទាត់ប្រាក់ (E-Payment & E-Finance) តាមរយៈទូរស័ព្ទដៃ ដែលមានឈ្មោះថា “PosTransfer”។