ឯកឧត្ដម ត្រាំ អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ ខេត្ត​តាកែវ​

តាកែវ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំទីចាត់ការផែនការ និង​វិ​និយោគ​សាលា​ខេត្ត​តាកែវ​ ឯកឧត្ដម​ ត្រាំ​ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​លោក​ ស្រី​ សា​រឿន​ ជា​ប្រធាន​មន្ទីរ​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ ខេត្ត​តា​កែវ​ ជំនួស​លោក​ជំទាវ​ ម៉ម​ សារី​ ដែល​ត្រូវ​ចូល​និវត្តន៍​។​

ឯកឧត្ដម​ ត្រាំ​ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

នៅ​ក្នុងពិធីប្រកាសតែងតាំងនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឡាយ វណ្ណៈ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ​ ព្រម​ទាំង​ ឯកឧត្ដម​ លោក​ជំទាវ​ លោក​-លោក​ស្រី​ ជា​ភ្ញៀវ​កិត្តិយស ​​មន្ត្រី​រាជ​ការ​ មក​ពី​បណ្តា​ក្រសួង​ មន្ទីរ​-ស្ថាប័ន​ ជុំវិញ​ខេត្ត​។

លោក ស្រី សារឿន ប្រធានមន្ទីរថ្មីដែលទើបត្រូវបានតែងតាំងបានថ្លែងអំណរគុណ ​និង​ប្តេជ្ញា​ចិត្ត​ព្យាយាម​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ទាំង​បញ្ញា​ស្មារ​តី​ ដើម្បី​បន្ត​ពង្រឹង​ពង្រីក​សាមគ្គីភាព​ ឯកភាព​ផ្ទៃ​ក្នុង​ឲ្យ​កាន់​តែរឹង​មាំ ​បន្ត​ខិត​ខំ​អ​នុវត្តន៍​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​តួនាទី​ភារ​កិច្ច ​របៀប​របប​ក្នុង​ការងារ​ បែប​បទ​នីតិវិធី​ សមត្ថភាព​ និង​លក្ខខ័ណ្ឌ​ការងារ​តាម​ឋានា​នុក្រម​សំដៅ​រិៈរក​គ្រប់​មធ្យោបាយ​ និង​លទ្ធភាព​នានា​ដើម្បី​កសាង​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​វិជ្ជា​ជីវៈ​របស់​មន្រ្តី​រាជកា​រ ​ ព្រម​ទាំង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​មន្ទីរ​ ស្ថាប័ន ​អង្គភាព​នានា ​និង​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​ពង្រីក​វិស័យ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគន៍​ឱ្យ​ទៅ​ដល់​ជនបទ​ ដើម្បី​បង្កភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប​ និង​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច​ជាតិ​។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍កោតសរសើរ​ និង​ចង​ចាំ​ជា​និច្ច​ចំពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ អំណត់​ព្យាយាម​របស់​លោក​ជំទាវ​ ម៉ម​ សារី ​ក្នុង​ការ​ដឹក​នាំ​រហូត​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ជា​បន្ត​ប​ន្ទាប់​រហូត​មក​ ក្នុង​ការ​កសាង ​និង​ជំរុញ​ការ​អភិវឌ្ឍន៍​មន្ទីរ​ប្រៃ​សណីយ៍ ​និង​ទូ​រ​គមនាគមន៍​ ខេត្ត​តាកែវ​ ដោយ​​បាន​ធ្វើ​ឲ្យ​វិស័យ​ទាំង​បី​មាន​ការ​រីក​ចំរើន​គួរ​ឲ្យ​កត់​សម្គាល់​។​

ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្ដាំផ្ញើរលោក ស្រី សារឿន ប្រធាន​មន្ទីរ​ខេត្ត​តាកែវ​ថ្មី​ដែល​ត្រូវ​បាន​តែង​តាំង​ត្រូវ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ និង​បន្ត​កែ​លម្អ​ការ​គ្រប់​គ្រង​វិស័យ​ប្រៃ​សណីយ៍​ឲ្យ​ស្រប​តាម​ការ​រីក​ចំរើន​របស់​បច្ចេក​វិទ្យា​ ICT​។ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​នូវ​រចនា​សម្ព័ន្ធ​ប្រៃ​សណីយ៍​ព្រម​ទាំង​សមត្ថភាព​របស់​ស្ថាប័ន​ធ្វើ​យ៉ាង​ណា​ផ្ដល់​សេវា​នេះ​ឲ្យ​កាន់​តែ​ទំនើប​ និង​ឆាប់​រហ័ស​ដល់​មូល​ដ្ឋាន​របស់​អតិថិជន​ដើម្បី​ផ្ដល់​នូវ​ជំនឿ​ទុក​ចិត្ត​ជូន​ប្រជាពល​រដ្ឋ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ វិស័យ​ទូរ​គមនាគមន៍​-បច្ចេក​វិទ្យាគមនាគមន៍​និង​ព័ត៌​មាន​ ត្រូវ​គ្រប់​គ្រង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​បន្ត​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ដល់​មូល​ដ្ឋាន​ដើម្បី​ផ្ដល់​សេវា​ដល់​ទី​ជន​បទ​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស​ និង​មាន​តម្លៃ​សមរម្យ​ឲ្យ​ស្រប​តាម​កិច្ច​ពង្រឹង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ​ និង​សង្គម​៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍