ឯកឧត្ដម ត្រាំ អុីវតឹក អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទៅចូលរួមវេទិកាស្តីពី “ITU Telecom World 2017” នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ
រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Houlin Zhao អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ទៅចូលរួមវេទិកាស្តីពី “ITU Telecom World 2017” ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
ព្រឹត្តិការណ៍ទូរគមនាគមន៍ពិភពលោក (ITU Telecom World) របស់សហភាពទូរគមនាគមន៍អន្តរជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ជាវេទិកាអន្តរជាតិមួយប្រកបដោយអត្ថន័យដោយមានការចូលរួមពីបណ្តាប្រតិភូតំណាងរដ្្ឋសមាជិក ITU អ្នករៀបចំគោលនយោបាយ និយ័តករទូរគមនាគមន៍ វិស័យឯកជន និងដៃគូសន្ទនាមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ ឧត្តមានុវត្តក្នុងការគ្រប់គ្រង និយ័តកម្ម និងនវានុវត្តដោយនាំមកនូវគំនិតវៃឆ្លាត និងបច្ចេកវិទ្យាថ្មីៗសំដៅជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្នធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរក៏មានការដាក់តាំងពិព័រណ៍នូវផលិតផលបច្ចេកវិទ្យាពីបណ្តាក្រុមហ៊ុន សហគ្រាស SME និងការធ្វើបទបង្ហាញអំពីនវានុវត្តផ្នែកបច្ចេកវិទ្យាទាំង Hardware Software និងកម្មវិធីប្រើប្រាស់ (App) ព្រមទាំងមានរៀបចំសិក្ខាសាលាផ្តោតលើប្រធានបទសំខាន់ៗជាច្រើនក្នុងបរិបទឌីជីថល៕