ឯកឧត្ដម ត្រាំ អុីវតឹក អញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ ស្រុកអន្លង់វែង ខេត្តឧត្ដមមានជ័យ
ឧត្ដមមានជ័យ៖ រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងសប្បុរសជន ជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងឈរជើងប្រចាំការនៅស្រុកអន្លង់វែង ខេត្តឧត្ដមមានជ័យ។ ដោយបាននាំមកជូននូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ រួមជាមួយថវិការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនកងទ័ពដែលត្រូវបានចាត់តាំងឲ្យទៅបំពេញភារកិច្ច ឈរជើងប្រចាំការនៅតំបន់ព្រំដែនកម្ពុជា-ឡាវ នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើសារសួរសុខទុកដល់បងប្អូនកងទ័ពដែលកំពុងឈរជើងប្រចាំការនៅតំបន់ព្រំដែនកម្ពុជា-ឡាវ តំបន់អូរអាឡៃ និងអូរតាង៉ាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា «ដោយសារតែបញ្ហាអាកាសធាតុ ហេតុនេះប្រតិភូក្រសួងមិនអាចនឹងទៅដល់សមរភូមិមុខដោយផ្ទាល់បានទេ ក៏ប៉ុន្តែយើងខ្ញុំទាំងអស់គ្នាដែលបានមកកាន់កងពលតូចថ្មើរជើងលេខ៤១នេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសនៅតែដឹងគុណ សូមសម្ដែងនូវសេចក្ដីនឹករលឹក និងគាំទ្រនូវវីរភាពដ៏អង់អាចក្លាហាន ការលះបង់ដ៏ធំធេងឧត្តុងឧត្តមរបស់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលទទួលភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាពចំពោះមាតុភូមិដើម្បីយើងទាំងអស់គ្នាបានរស់នៅប្រកបដោយសេចក្តីសុខ។ ត្រង់នេះហើយដែលយើងខ្ញុំទាំងអស់គ្នាបានប្តេជ្ញាជាដាច់ខាតជាមួយសមរភូមិមុខ ការពារសុខសន្តិភាព ដែលយើងរកបានដោយកម្រដោយការពលី ហើយសន្តិភាពនេះគ្មានដាក់លក់នៅទីផ្សារនោះទេ គឺបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ដូចនេះយើងទាំងអស់គ្នាប្តេជ្ញាមិនឲ្យជនណា ក្រុមណាមកញុះញង់ ឬបំផ្លិចបំផ្លាញបានជាដាច់ខាត»។