ឯកឧត្តម ខាយ ឃុនហេង បានអញ្ជើញដឹកនាំប្រតិភូដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិអាហរ័ណ និងនីហរ័ណនៃភូមិភាគខាងលិចរបស់ចិន “2017 Western China International Fair Import and Export”
ខេត្តស៊ីឈួន៖ នាពីថ្ងៃទី១៤ ដល់១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិអាហរ័ណ និងនីហរ័ណនៃភូមិភាគខាងលិចរបស់ចិន “2017 Western China International Fair Import and Export” ដែលបានរៀបចំឡើងដោយសភាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិន និងគណៈកម្មាធិការរៀបចំពិព័រណ៍អន្តរជាតិចិនភាគខាងលិច នៅទីក្រុងឈិនឌូ ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន។
ប្រតិភូកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម Liu Jie អភិបាលរងនៃរដ្ឋាភិបាលប្រជាជនខេត្តស៊ីឈួន អនុប្រធានក្រុមប្រឹក្សានយោបាយប្រជាជនចិនខេត្តស៊ីឈួន និងជានាយករងនៃគណៈកម្មការសេដ្ឋកិច្ច និងព័ត៌មានខេត្តស៊ីឈួន។ នៅក្នុងជំនួបនោះ ឯកឧត្តម Liu Jie បានថ្លែងអំណរគុណចំពោះប្រតិភូក្រសួងដែលបានចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍លើកទី២ នៅខេត្តស៊ីឈួននាពេលនោះ ហើយឯកឧត្តម ក៏បានជម្រាបជូនប្រតិភូកម្ពុជា ពីភូមិសាស្រ្តនៃខេត្តស៊ីឈួន និងសារៈសំខាន់នៃការរៀបចំតាំងពិព័ណ៍នោះ ព្រមទាំងបានលើកឡើងផងដែរអំពីទំនាក់ទំនងល្អរវាងចិន និងកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ខាយ ឃុនហេង ប្រធានប្រតិភូកម្ពុជា បានថ្លែងអំណរគុណដល់គណៈកម្មាធិការរៀបចំពិព័រណ៍អន្តរជាតិចិនភាគខាងលិច ដែលបានអញ្ជើញភាគីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាចូលរួម។ ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងអំពីចំណាប់អារម្មណ៍របស់ឯកឧត្តម ចំពោះភាពស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អនៃទីក្រុងឈិនឌូ និងបានលើកឡើងអំពីចំណងមិត្តភាពយូរអង្វែងរបស់កម្ពុជា និងចិន ជាពិសេសទាក់ទងទៅនឹងគោលនយោបាយនិងយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ (One Belt One Road ) របស់ចិនដែលប្រទេសកម្ពុជាមានជំហរចូលរួមសហការអនុវត្តដោយក្តីពេញចិត្តដើម្បីផលប្រយោជន៍ទាំងអស់គ្នា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើឲ្យភាគីចិន ជាពិសេស ខេត្តស៊ីឈួន ជំរុញការវិនិយោគឲ្យបានកាន់តែច្រើនមកកម្ពុជា ជំរុញការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាមកកម្ពុជាផងដែរ។
ប្រតិភូបានចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យាថ្មីៗ ដូចជាឧបករណ៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន Robots បច្ចេកវិទ្យា 5G និង Internet of Things ព្រមទាំងសម្ភារៈឧបករណ៍ប្រើប្រាស់នានា បានស្តាប់និងទស្សនាបទបង្ហាញពាណិជ្ជកម្មនានា ដែលបង្ហាញអំពីទស្សនៈ សមិទ្ធផល និងផលិតផលថ្មីៗ ព្រមទាំងបានទៅទស្សនាវិទ្យាស្ថានស្រាវជ្រាវរបស់ក្រុមហ៊ុន Huawei ក្រុងឈិនឌូ ដែលនៅទីនោះ ក្រុមហ៊ុន Huawei បានបង្ហាញពីបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Storages Transmissions Video Surveillance Cloud Data Center និង 5Gជាដើម៕