កិច្ចប្រជុំដើម្បីត្រួតពិនិត្យឡើងវិញលើការបញ្ជូនសារអប់រំស្តីពីបញ្ហាគ្រឿងញៀនខុសច្បាប់
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រតិបត្តិករទូរស័ព្ទចល័តរួមនឹងអង្គ ភាពចំណុះក្រសួងដែលមានគេហទំព័រដើម្បីត្រួតពិនិត្យឡើងវិញលើសកម្មភាពចូលរួមសហការកន្លងមករបស់បណ្តាក្រុមហ៊ុនទូរស័ព្ទចល័តក្នុងការបញ្ជូនសារអប់រំស្តីពីបញ្ហាគ្រឿងញៀនខុសច្បាប់ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពទាំងការបញ្ជូន និងភាពច្បាស់លាស់ថា អតិថិជនប្រើប្រាស់ទូរស័ព្ទដៃប្រាកដជាទទួលបានសារស្ទើរគ្រប់គ្នា ជាពិសេសក្នុងរយៈពេលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ជំហានទី២ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមក៏បានស្នើបន្ថែមដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ជួយចូលរួមផ្សព្វផ្សាយសារអប់រំអំពីជំងឺអេដស៍នាឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ។ បន្ទាប់ពីអរគុណចំពោះការខិតខំចូលរួម ជួយបញ្ជូនសារអប់រំផ្សព្វផ្សាយកន្លងមកពីគ្រប់ក្រុមហ៊ុន ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានជម្រាបជូនតំណាងក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តប្រកាន់ ជំហរសហការអនុវត្តតាមការណែនាំឬសំណើរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬក៏តាមរយៈនិយ័តករទូរគមនាគមន៍កម្ពុជា ដោយយកចិត្តទុកដាក់ខ្ពស់លើរាល់ការងារអប់រំតាមសារលើទូរស័ព្ទដៃ មិនចំពោះតែសារស្តីពីគ្រឿងញៀន ឬអេដស៍នោះទេ គឺមានសារអប់រំផ្សេងទៀតដូចជាទាក់ទងច្បាប់ចរាចរណ៍ វិស័យកសិកម្ម ឬវិស័យការងារជាដើម ដើម្បីបានឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងទិសដៅ ធ្វើឲ្យសង្គមជាតិយើងមានធនធានមនុស្សស្អាតស្អំ គ្មានគ្រឿងញៀន គ្មានមេរោគអេដស៍/ជំងឺអេដស៍ សុខភាពល្អ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ប្រកបដោយសុភមង្គល៕