ពិធីបើក ​"សន្និសីទ​ស្រាវ​ជ្រាវ​ថ្នាក់​តំបន់​លើក​ទី១ ​ស្តី​ពី​ដំណើរ​ការ​ភាសា​អាស៊ាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​​​"

រាជធានីភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី៧​ ខែធ្នូ​ ឆ្នាំ​២០១៧ ​វិទ្យា​ស្ថាន​ជាតិ​ប្រៃ​សណីយ៍ ទូរ​គមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ (NIPTICT)​ បាន​សហការ​ជាមួយ​វិទ្យា​ស្ថាន​បើក​ទូលាយ ​និង​អង្គការ​ SPIDER ​បាន​រៀប​ចំ​កម្ម​វិធី​បើក​ "សន្និ​សីទស្រាវ​ជ្រាវ​ថ្នាក់​តំបន់​លើក​ទី១​ ស្តី​ពី​ដំណើរ​ការ​ភាសា​អាស៊ាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​​​"​​ ក្រោមអធិបតី​ ឯកឧត្តម​ ខូវ ​មករា ​អនុរដ្ឋ​លេខា​ធិការ​ ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ នៅ​ទីស្តីការ​ក្រសួង​។ ​សន្និសីទ​នេះ ​មាន​រយៈពេល​២ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃទី​៧ ​ដល់​ថ្ងៃទី៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។​ ក្នុង​រយៈពេល ​២​ថ្ងៃនេះ​ មាន​អ្នក​ស្រាវ​ជ្រាវ​ បណ្ឌិត​ សាស្ត្រាចារ្យ​​ មក​ពី​បណ្ដា​ប្រទេស​នានា​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ចំនួន​១០​ប្រទេស​ចូលរួម​ ដែល​ក្នុង​នោះ​រួម​មាន​ បារាំង​ ជប៉ុន ​ប៉ាគីស្ថាន​ សឹង្ហបុរី​  ថៃ ​ឡាវ ​វៀតណាម ​ភូមា ​ម៉ាឡេស៊ី ​និង​កម្ពុជា​។ សនិ្នសីទនេះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​សាស្ត្រាចារ្យ​  និង​និស្សិត​មក​ពី​វិទ្យាស្ថាន​ជាតិ​ NIPTICT​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ​(តិចណូ)​ និង​សាកល​វិទ្យាល័យ​ន័រតុន​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការណ៍ ​និង​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​ស្រាវ​ជ្រាវ​លើ​វិស័យ​ ICT​។​

លោកបណ្ឌិត​ សំ សិទ្ធិសេរី​ អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ NIPTICT​ និង​ជា​តំណាង​គណៈ​កម្មការ​រៀប​ចំ​សន្និសីទ​នេះ​បាន​លើក​ឡើង​ថា​៖ ​វិទ្យា​ស្ថានជាតិ​ NIPTICT​ មាន​មោទនភាព​ដែល​បាន​សហការ​ជាមួយ​​ដៃ​​គូ​ស្រាវ​ជ្រាវ​ថ្នាក់​ជាតិ​ ថ្នាក់​តំបន់​ និង​ថ្នាក់​អន្តរជាតិ​ ដើម្បី​រៀប​ចំ​ឱ្យ​មាន​សន្និសីទ​ថ្នាក់​តំបន់​នេះ​ឡើង។​ គោល​បំណង​សំខាន់​នៅ​ក្នុង​សន្និសីទ​នេះ​គឺ ​ទី១​ ដើម្បី​បង្កើន​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ភាសា​ក្នុង​តំបន់​អាស៊ាន​ដែល​ជួយ​ដល់​ប្រជាជន​ទទួល​បាន​ព័ត៌មាន​កាន់​តែច្រើន​ និង​ធ្វើ​ឱ្យ​ការ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែ​រីក​ចំរើន​។ ​គោល​បំណងទី២​គឺ ​បង្កើន​បណ្ដាញ​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ភាសា​ទាំងក្នុង​តំបន់​ និង​ក្រៅ​តំបន់​។



ឯកឧត្តមបណ្ឌិត សេង សុភាព ​ប្រធាន​វិទ្យាស្ថានជាតិ ​NIPTICT ​បាន​រំលឹក​ថា៖​ "វិទ្យាស្ថានជាតិ ​NIPTICT​ បាន​រៀប​ចំ​សន្និសីទ​ស្រាវជ្រាវ​ប្រចាំឆ្នាំ​ស្តី​អំពី​ដំណើរ​ការ​ភាសាខ្មែរ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​បាន​៣លើក​រួចមក​ហើយ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤មក​។ ​សន្និសីទ​ឆ្នាំនេះ​ពិសេស​ជាង​ឆ្នាំ​កន្លង​ទៅ ​ដោយសារ​មាន​ការ​បើក​ទូលាយ​ជាង​មុន​លើ​ប្រធាន​បទ​ស្រាវ​ជ្រាវ​ និង​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ស្រាវជ្រាវ​ បណ្ឌិត​ សាស្ត្រាចារ្យ​​ មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ រួម​ទាំង​អាស៊ី ​និង​អឺរ៉ុប ​ជាមួយ​នឹង​លទ្ធផល​ស្រាវ​ជ្រាវ​ល្អៗ​ជាង​មុន​​ និង​ច្រើន​ជាង​មុន​។ ​ដូច​ដែល​យើង​បាន​ដឹង​រួច​មក​ហើយ​ថា ​ការ​ស្រាវ​ជ្រាវ​គឺជា​ការងារ​ស្នូលរ​បស់​គ្រឹះ​ស្ថាន​អប់រំ​ឧត្តម​សិក្សា​ក្នុង​ការ​ពង្រឹង​គុណ​ភាព​អប់រំ​ និង​សមត្ថភាព​សាស្រា្តចារ្យ​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សំរាប់​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​"​។

ឯកឧត្តម ខូវ មករា ​បាន​លើក​ឡើង​ថា៖ ​"សន្និសីទ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​នេះ ​គឺ​ជាវេទិកា​ថ្នាក់​តំបន់​ ដើម្បី​លើក​ទឹក​ចិត្ត​ ​និង​ផ្តល់​ឱកាស​ដល់​អ្នក​ស្រាវ​ជ្រាវ​លើ​ដំណើរ​ការភាសា​អាស៊ាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ បង្ហាញ​ពីនវានុវត្តន៍ ​និង​សមិទ្ធិផល​ថ្មីៗ​ដែល​កើត​ចេញ​ពី​ការ​ស្រាវ​ជ្រាវ​របស់​ពួក​គាត់​។​ ការ​ចូល​រួម​យ៉ាង​ផុល​ផុស​ពី​សំណាក់​វាគ្មិន​ជាអ្នក​ជំនាញ​ឯកទេស​ និង​អ្នក​ចូល​រួម​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​ បាន​បង្ហាញ​អំពី​ការវិវត្តន៍​ជាវិជ្ជ​មាន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ជិត​ស្និទ្ធ​ និង​គួរ​ជា​ទីទុក​ចិត្ត​រវាង​តួអង្គ​ពាក់​ព័ន្ធ​ជា​ពិសេស​ ក្រសួង​ គ្រឹះ​ស្ថាន​អប់​រំ​ និង​វិស័យ​ឯកជន​ក្នុង​ជំរុញ​ការ​ស្រាវ​ជ្រាវ​ និង​នវានុវត្តន៍​ក្នុង​វិស័យ ​ICT ​ដែល​ស្រប​ទៅ​នឹង​គោល​នយោបាយ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​ និង​ព័ត៌មាន​២០២០​ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​"។​

សន្និសីទ​នេះ​ផ្តល់​លទ្ធផល​មួយ​ចំនួន​ដែល​គួរ​ឲ្យ​គត់​សំគាល់​ដូច​ជា៖​ ការ​ចួលរួម​ចែក​រំលែក​ពី​បណ្ឌិត​ជំនាញ​ចំនួន​ ៦​ប្រធាន​បទ​ ការ​ធ្វើបទ​បង្ហាញ​ចំនួន​ ៣​ប្រធានបទ​ និង​ ឯកសារ​ស្រាវ​ជ្រាវ​ចំនួន​ ១០​ (មកពី​១០​ប្រទេស​ផ្សេង​គ្នា​)​ ទាក់​ទង​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ដំណើរ​ការ​ភាសា​អាស៊ាន​ក្នុ​ងប្រព័ន្ធ​កុំព្យូទ័រ​​។​ នៅ​ក្នុង​សន្និសីទ​នេះ​ផង​ដែរ​ក៏​មាន​ការ​រៀប​ចំកិច្ច​ពិភាក្សា​បង្កើន​បណ្តាញ​អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​ជំនាញ​ផ្នែក​ភាសា​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​៕​

ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ ona2017.org


 

អត្ថបទជាប់ទាក់ទង