ពិធីបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពី “វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ – ការផ្លាស់ប្តូរបណ្តាញទូរគមនាគមន៍ពី 4G ឈានទៅរក 5G ក្នុងតំបន់”
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្ដម សុខ ពុទ្ធីវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពី “វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ - ការផ្លាស់ប្តូរបណ្តាញទូរគមនាគមន៍ពី 4G ឈានទៅរក 5G ក្នុងតំបន់” ដែលបានរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី០៦ នឹងបានបញ្ចប់នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបិទសិក្ខាសាលាថ្នាក់តំបន់នេះ មានការអញ្ជើញចូលដោយ លោក François RANCY នាយកការិយាល័យ ទទួលបន្ទុកផ្នែកវិទ្យុគមនាគមន៍ (BR) នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអ្នកជំនាញមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក្រសួង-ស្ថាប័នជាតិ និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិភូតំណាងប្រទេសជាសមាជិក ITU មកពីជាង២០ប្រទេស ប្រតិបត្តិករទូរគមនាគមន៍ និងភាគីពាក់ព័ន្ធដទៃទៀត។
នៅក្នុងពិធិបិទសិក្ខាសាលាថ្នាក់តំបន់នេះ លោក François Rancy សង្ឃឹមថានឹងជួយចែករំលែកនូវចក្ខុវិស័យទៅកាន់ការវិវឌ្ឍរបស់វិទ្យុគមនាគមន៍តាមរយ:ការយល់ដឹងពីបច្ចេកវិទ្យាថ្មីៗ និងការចូលរួមដោយស្ថាប័នផ្សេងៗក្នុងការជម្រុញវិស័យវិទ្យុគមនាគមន៍នាថ្ងៃអនាគតអោយកាន់តែប្រសើរឡើង។
ឯកឧត្ដម សុខ ពុទ្ធីវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ក្នុងឱកាសនោះ ឯកឧត្តម សុខពុទ្ធីវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាម និងជាពិសេសវាគ្មិនដែលបានធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាទាំងអស់។ ឯកឧត្តម សង្ឃឹមថាសិក្ខាសាលានេះនឹងផ្តល់ព័ត៌មានជាច្រើនសម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសិក្ខាបានចូលរួមទាំងអស់ដើម្បីទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ និងជាពិសេសទទួលបាននូវឱកាស និងលទ្ធភាពទទួលយកនៅពេលបច្ចេកវិទ្យា 5G មកដល់។
តាមរយៈសិក្ខាសាលានេះយើងសង្ឃឹមថានឹងអាចជួយជាមូលដ្ឋានគ្រឹះសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យ ICT នៅកម្ពុជា៕