កិច្ច​ប្រជុំ​ជាមួយ​តំណាង​អង្គការ ​JICA​ លើ​ប្រធាន​បទ​ “Project​ for​ improving​ the​ logistic​ system ​in​ Cambodia​”​

រាជធានីភ្នំពេញ៖ នារសៀល​ថ្ងៃអង្គារ៍​ ២កើត​ ខែបុស្ស ​ឆ្នាំ​រកា ​នព្វស័ក​ ព.ស ​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី១៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម ​ឯក ​វណ្ណឌី​ រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ (ប.ទ)​ បាន​អញ្ជើញ​ជាអធិបតី​ក្នុង​កិច្ច​ពិភាក្សា​ការងារ​ជាមួយ​តំណាង​អង្គការ​ JICA​ ស្តីពី​ “Project​ for ​improving ​the​ logistics​ system​ of​ Cambodia” ​ដែល​មាន​ការអ​ញ្ជើញ​ចូល​រួម​ពីក្រុម​ការងារ​សិក្សា​គំរោង​របស់ ​JICA ​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ភស្តុភារកម្ម​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ អគ្គនាយក​ប្រៃ​សណីយ៍​កម្ពុជា​ ថ្នាក់​ដឹកនាំ ​និង​មន្រ្តី​ពាក់ព័ន្ធ​នៃ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ និង​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូ​ន​។

ឯកឧត្តម ​ឯក ​វណ្ណឌី​ រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

នៅក្នុង​កិច្ច​ប្រជុំ​នេះ​លោក​ Yohei Soma​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​គំរោង​ផែន​ការមេ​ដែល​អង្គការ​ JICA​ និង​ក្រសួង​សាធារណៈកា​រ​ និង​ដឹក​ជញ្ជូន​បាន​រៀប​ចំ​ឡើង​ដើម្បី​ពង្រឹង​ការ​សិក្សា​ស្វែង​យល់​ពី​ប្រព័ន្ធ​ភស្តុភារ​កម្ម​ក្នុង​ប្រទេស​កម្ពុជា​។ ​នៅ​ក្នុង​បទ​បង្ហាញ​នេះ​បាន​លើក​យក​ចំនុច​សំខាន់​ៗ៣គឺ៖​
១. ការអភិវឌ្ឍសេដ្ឋកិច្ច និងតម្រូវការសេវាភស្តុភារកម្ម
២. ស្ថានភាពបច្ចុប្បន្ននៃសេវាភស្តុភារកម្ម
៣.សេចក្តីព្រាងផែនការមេ SMART Logistic 2025។

ជាការ​ឆ្លើយ​តប​នៅ​ក្នុង​កិច្ច​ប្រជុំនេះ ឯកឧត្តម​ ឯក ​វណ្ណឌី ​បាន​លើក​ឡើង​ពី​លក្ខណៈ​ពាក់​ព័ន្ធ​នឹង​មុខងារ​ កាតព្វកិច្ច​ និង​ទំហំ​ការងារ​ដែលក្រសួង ​ប.ទ.​ និង​ប្រៃ​សណីយ៍​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​។ ​បន្ថែម​ពីនេះ ​ឯកឧត្តម​ ក៏​បាន​បន្ថែម​ពី​លក្ខន្តិក​ក្នុង​ការ​សុំ​អាជ្ញា​បត្រ​សំរាប់​ការ​ធ្វើ​អាជីវកម្ម​ប្រៃ​សណីយ៍ ​ក៏ដូចជា​ការ​ដឹក​ជញ្ជូន​កញ្ចប់​ប្រៃ​សណីយ៍។​ មុន​នឹង​បញ្ចប់​ ឯកឧត្តម​ បាន​សម្តែង​ភាព​រំភើប​រីករាយ​ដែល​ភាគី​ទាំងសង​ពីរ​បានស្វែង​យល់​ពីគ្នា​ដើម្បី​ឲ្យ​ការងារ​នាពេល​ខាង​មុខ​អាច​ដំណើរ​ការ​បាន​រលូន​ ហើយ​ឯកឧត្តម​ ក៏​សង្ឃឹមថា​ ក្រសួង ​ប.ទ.​ នឹង​មាន​ឱកាស​បាន​សិក្សា​ស្វែង​យល់​ និង​សហការ​ជាមួយ​អង្គការ​ JICA ​បន្ថែម​នា​ពេល​ខាង​មុខ​៕


 

អត្ថបទជាប់ទាក់ទង