ពិធីបើក​វេទិកា​ថ្នាក់​តំបន់​ស្តី​ពី ​“វិទ្យុ​គមនាគមន៍​សម្រាប់​​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ ឆ្នាំ២០១៧ ​- ដំណើរ​ឆ្ពោះ​ទៅ​កាន់​ជំនាន់​ទី៥​ (5G)​ ក្នុង​តំបន់​”​

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ​ខែធ្នូ ​ឆ្នាំ២០១៧ ​ឯកឧត្តម​ សុខ ​ពុទ្ធិវុធ​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​ ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ ឆ្នាំ​២០១៧ ​- ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ជំនាន់​ទី៥​ (5G)​ ក្នុង​តំបន់”​ ដែល​បាន​រៀប​ចំ​ដោយ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍ ​(MPTC)​ ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ ​(ITU)​ ប្រព្រឹត្ត​ទៅ​ចាប់​ពី​រសៀល​ថ្ងៃ​ទី០៦​ រហូត​ដល់​ថ្ងៃ​ទី០៧ ​ខែធ្នូ ​ឆ្នាំ​២០១៧ ​នៅ​សណ្ឋាគារ​សុខា ​រាជ​ធានី​ភ្នំពេញ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​
 

ឯកឧត្តម​ សុខ ​ពុទ្ធិវុធ​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

វេទិកា​ថ្នាក់​តំបន់​នេះ​មាន​ការ​ចូល​រួម​ពី​លោក​ François ​RANCY​ នាយក​ការិយាល័យ​ ទទួល​បន្ទុក​ផ្នែក​វិទ្យុ​គមនាគមន៍ ​(BR)​ នៃ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ ​(ITU)​ និង​អ្នក​ជំនាញ​មក​ពី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​កម្ពុជា​ ក្រសួង​-​ស្ថាប័ន​ជាតិ​ និយ័តករ​ទូរ​គមនាគមន៍​កម្ពុជា ​ប្រតិភូ​តំណាង​ប្រទេស​ជា​សមាជិក​ ITU ​មក​ពី​ជាង​២០​ប្រទេស​ ប្រតិបត្តិករ​ទូរ​គមនាគមន៍​ និង​ភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត​។​

នៅក្នុង​វេទិកានេះ ​ឯកឧត្តម​ សុខ ​ពុទ្ធិវុធ​ អនុ​រដ្ឋ​លេខា​ធិការ​ ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍​ បាន​មាន​ប្រសាសន៍​បើក​កម្ម​វិធី​ដោយ​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​សហការ​គ្នា​រវាង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​ និង​រវាង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​យុគ​សម័យ​ឌីជីថល​។ ឯកឧត្តម​បាន​បន្ដ​ទៀត​ថា៖​ ប្រទេស​នីមួយៗ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​រៀង​ៗ​ខ្លួន​ យ៉ាង​ណា​មិញប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចូល​រួម​ពន្លឿន​​ការ​អភិវឌ្ឍ​វិស័យ​ ICT​ និង​​ធ្វើ​ការ​​ជាមួយ​ប្រទេស​​ក្នុង​តំបន់​ និង​សហគមន៍​អន្តរ​ជាតិ ​ដូចជា​ ITU​ ជាដើម​ ហើយ​យើង​សង្ឃឹម​ថា​នឹង​មាន​ការ​សហការ​​នៅ​ក្នុង​តំបន់​ដើម្បី​អភិវឌ្ឍន៍​វិសាល​គមន៍​ជាតិ​របស់​យើង​។​
 

វេទិកា​ថ្នាក់​តំបន់​នេះ​មាន​កិច្ច​ពិភាក្សា​លើ​ប្រធាន​បទ​ជា​ច្រើន​ ដោយ​មាន​ការ​ចូល​រួម​ពី​វាគ្មិន​ដែល​ជា​អ្នក​ជំនាញ​ផ្នែក​វិស័យ​នេះ ​ក្នុង​នោះ​រួម​មាន​ប្រធានបទ​ទាក់​ទង​នឹង​មាគ៌ា​បង្ហាញ​ផ្លូវ​ស្តី​ពី​ទូរ​គមនាគមន៍​​ចល័ត​អន្តរជាតិ​២០២០​ និន្នាការ​នៃ​ការ​គ្រប់​គ្រង​វិសាល​គមន៍​ជាតិ​ តួនាទី​នៃ​ប្រព័ន្ធ​ផ្កាយ​រណប​ក្នុង​បច្ចេក​ទេស ​5G ​បទ​ពិសោធន៍​នៃ​ប្រទេស​ក្នុង​តំបន់​លើ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ប្រព័ន្ធ​ឌីជីថល​ ផល​ប៉ះ​ពាល់​ទៅ​លើ​វិសាល​គមន៍​នៃ​ប្រព័ន្ធ​បណ្តាញ​បច្ចុប្បន្ន​ និង​អនាគត​។ ​សូមបញ្ជាក់ផងដែរថា ​វេទិកា​ថ្នាក់​តំបន់​នេះ​មាន​សារៈ​សំខាន់​ក្នុង​ការ​ស្វែង​យល់​ពី​ការ​ប្រឈម​នានា​ កាលានុវត្តភាព​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​បច្ចកវិទ្យា​ 5G ​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​និមួយ​ៗ​​នៅ​ក្នុង​តំបន់​ ការ​ប្រើ​ប្រាស់​នៃ​បច្ចេក​ទេស​នេះ​ប្រកប​ដោយ​​ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធ​ភាព​។

កិច្ចប្រជុំនេះ​ត្រូវ​បាន​គេរំ​​ពឹងថា​នឹង​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៧ ​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ​នៅ​សណ្ឋាគារ​សុខា ​រាជ​ធានី​ភ្នំ​ពេញ៕​

 

អត្ថបទជាប់ទាក់ទង