ពិធីបើក "សន្និសីទស្រាវជ្រាវថ្នាក់តំបន់លើកទី១ ស្តីពីដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ"
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានសហការជាមួយវិទ្យាស្ថានបើកទូលាយ និងអង្គការ SPIDER បានរៀបចំកម្មវិធីបើក "សន្និសីទស្រាវជ្រាវថ្នាក់តំបន់លើកទី១ ស្តីពីដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ" ក្រោមអធិបតី ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួង។ សន្និសីទនេះ មានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងរយៈពេល ២ថ្ងៃនេះ មានអ្នកស្រាវជ្រាវ បណ្ឌិត សាស្ត្រាចារ្យ មកពីបណ្ដាប្រទេសនានាទាំងក្នុង និងក្រៅតំបន់ចំនួន១០ប្រទេសចូលរួម ដែលក្នុងនោះរួមមាន បារាំង ជប៉ុន ប៉ាគីស្ថាន សឹង្ហបុរី ថៃ ឡាវ វៀតណាម ភូមា ម៉ាឡេស៊ី និងកម្ពុជា។ សនិ្នសីទនេះក៏មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ និងនិស្សិតមកពីវិទ្យាស្ថានជាតិ NIPTICT សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងសាកលវិទ្យាល័យន័រតុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍ និងជំរុញឲ្យមានកំណើននៃការស្រាវជ្រាវលើវិស័យ ICT។
លោកបណ្ឌិត សំ សិទ្ធិសេរី អនុប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាតំណាងគណៈកម្មការរៀបចំសន្និសីទនេះបានលើកឡើងថា៖ វិទ្យាស្ថានជាតិ NIPTICT មានមោទនភាពដែលបានសហការជាមួយដៃគូស្រាវជ្រាវថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីរៀបចំឱ្យមានសន្និសីទថ្នាក់តំបន់នេះឡើង។ គោលបំណងសំខាន់នៅក្នុងសន្និសីទនេះគឺ ទី១ ដើម្បីបង្កើនការស្រាវជ្រាវទៅលើភាសាក្នុងតំបន់អាស៊ានដែលជួយដល់ប្រជាជនទទួលបានព័ត៌មានកាន់តែច្រើន និងធ្វើឱ្យការទំនាក់ទំនងកាន់តែប្រសើរជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចតំបន់ឱ្យកាន់តែរីកចំរើន។ គោលបំណងទី២គឺ បង្កើនបណ្ដាញអ្នកស្រាវជ្រាវផ្នែកភាសាទាំងក្នុងតំបន់ និងក្រៅតំបន់។
ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានរំលឹកថា៖ "វិទ្យាស្ថានជាតិ NIPTICT បានរៀបចំសន្និសីទស្រាវជ្រាវប្រចាំឆ្នាំស្តីអំពីដំណើរការភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័របាន៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៤មក។ សន្និសីទឆ្នាំនេះពិសេសជាងឆ្នាំកន្លងទៅ ដោយសារមានការបើកទូលាយជាងមុនលើប្រធានបទស្រាវជ្រាវ និងមានការចូលរួមពីសំណាក់អ្នកស្រាវជ្រាវ បណ្ឌិត សាស្ត្រាចារ្យ មកពីបណ្តាប្រទេសនានាក្នុងតំបន់ រួមទាំងអាស៊ី និងអឺរ៉ុប ជាមួយនឹងលទ្ធផលស្រាវជ្រាវល្អៗជាងមុន និងច្រើនជាងមុន។ ដូចដែលយើងបានដឹងរួចមកហើយថា ការស្រាវជ្រាវគឺជាការងារស្នូលរបស់គ្រឹះស្ថានអប់រំឧត្តមសិក្សាក្នុងការពង្រឹងគុណភាពអប់រំ និងសមត្ថភាពសាស្រា្តចារ្យ ដែលជាផ្នែកមួយដ៏សំខាន់សំរាប់បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ"។
ឯកឧត្តម ខូវ មករា បានលើកឡើងថា៖ "សន្និសីទស្រាវជ្រាវវិទ្យាសាស្ត្រនេះ គឺជាវេទិកាថ្នាក់តំបន់ ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវលើដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ បង្ហាញពីនវានុវត្តន៍ និងសមិទ្ធិផលថ្មីៗដែលកើតចេញពីការស្រាវជ្រាវរបស់ពួកគាត់។ ការចូលរួមយ៉ាងផុលផុសពីសំណាក់វាគ្មិនជាអ្នកជំនាញឯកទេស និងអ្នកចូលរួមទាំងក្នុងស្រុក និងក្នុងតំបន់ បានបង្ហាញអំពីការវិវត្តន៍ជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងគួរជាទីទុកចិត្តរវាងតួអង្គពាក់ព័ន្ធជាពិសេស ក្រសួង គ្រឹះស្ថានអប់រំ និងវិស័យឯកជនក្នុងជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យ ICT ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា"។
សន្និសីទនេះផ្តល់លទ្ធផលមួយចំនួនដែលគួរឲ្យគត់សំគាល់ដូចជា៖ ការចួលរួមចែករំលែកពីបណ្ឌិតជំនាញចំនួន ៦ប្រធានបទ ការធ្វើបទបង្ហាញចំនួន ៣ប្រធានបទ និង ឯកសារស្រាវជ្រាវចំនួន ១០ (មកពី១០ប្រទេសផ្សេងគ្នា) ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ។ នៅក្នុងសន្និសីទនេះផងដែរក៏មានការរៀបចំកិច្ចពិភាក្សាបង្កើនបណ្តាញអ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកភាសាក្នុងតំបន់អាស៊ានផងដែរ៕
ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ ona2017.org ។