កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ ផ្សព្វ​ផ្សាយ​ស្ដីពី​ «លំហូរ​ការងារ​ នីតិ​វិធី​ចុះ​បញ្ជី និង​ការ​ធ្វើ​របាយ​ការណ៍​​»

រាជធានីភ្នំពេញ៖ ​ព្រឹក​ថ្ងៃទី​១២​ ខែ​ធ្នូ ​ឆ្នាំ​២០១៧ ​នៅ​ទីស្ដីការ​ក្រសួង ​ឯក​ឧត្ដម​ ជា ​មានិត​ អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍ ​(ប.ទ.)​  បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្ដីពី​ «លំហូរ​ការ​ងារ​ នីតិវិធី​ចុះ​បញ្ជី​ និង​ការ​ធ្វើ​របាយ​ការណ៍​»​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រោម​ឱវាទ​​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ នៅ​រដ្ឋ​បាល​កណ្ដាល​ប្រមាណ ​១២០​នាក់​។​

ឯក​ឧត្ដម​ ជា ​មានិត​ អនុ​រដ្ឋ​លេខា​ធិការក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍

ការ​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នា​ពេល​នេះ​គឺ​ជា​លើក​ទី៣​ នៃ​ផែន​ការ​បណ្ដុះ​បណ្ដាល​ដោយ​អនុវត្ត​ទៅ​តាម​ផែន​ការ​សកម្មភាព​ដំណាក់​កាល​ទី​៣ ​(MAP3)​ នៃ​កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ប្រចាំ​ឆ្នាំ​២០១៧​។ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ​ក្រុម​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ក្រសួង ​ប.ទ.​ បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​បាន​ពីរ​ដង​រួច​មក​ហើយ​ ដែល​លើក​ទី​១ ​ស្តីពី​ “កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​” ​និង​លើក​ទី២​ ស្តី​ពី ​“ការ​រៀប​ចំ​ថវិកា​ នីតិវិធី​នៃការ​អនុវត្ត​ថវិកា​កម្មវិធី​ ការ​រៀប​ចំប​ញ្ជី​សារ​ពើភណ្ឌ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ លទ្ធកម្ម​សាធារណៈ​ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​នៃ​មាតិកា​ថវិកា​ និង​កិច្ច​បញ្ជិ​ការ​ជ្ជទេយ្យ​បុរេ​ប្រទាន​”​។

ការរៀបចំកិច្ចប្រជុំនេះ​គឺ​ស្រប​ពេល​ដែល​ក្រសួង​ ប.ទ.​កំពុង​ត្រៀម​អនុវត្ត​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ (FMIS)​ នៅឆ្នាំ​២០១៨​ខាងមុខនេះ ​ក្នុង​ន័យ​ចូល​រួម​ផ្សព្វ​ផ្សាយ​ដើម្បី​ពង្រឹ​ង​សមត្ថភាព​ជំនាញ ​និង​បញ្ជ្រាប​ការ​យល់ដឹង​ដល់​មន្រ្តី​របស់​យើង​។ ​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នេះទៅ មន្រ្តី​របស់​យើង​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ ​ដែល​ជា​ធនធាន​សម្រាប់​អភិវឌ្ឍ​ខ្លួន​ក៍​ដូចជា​អង្គភាព​ ក្នុង​ការ​ចូល​រួម​ចំណែក​អនុវត្ត​ការ​ងារ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត។​

សម្រាប់កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ​ក្រសួង​បាន​លើក​យក​ប្រធាន​បទ​ស្តីពី ​“លំហូរ​ការងារ​ នីតិវិធី​ចុះបញ្ជី​ និង​ការ​ធ្វើ​របាយ​ការណ៍​”​ ដែល​ជា​សកម្មភាព​ការងារ​កំពុង​តែ​អនុវត្ត​ជាក់​ស្តែង​នៅ​ក្នុង​ក្រសួង ​ប.ទ.​ដោយ​ផ្តោតសំខាន់​ទៅ​លើ​៖ (១).​ការ​ប្រមូល​ចំណូល ​និង​បង់​ចំណូលចូល​ថវិកា​ជាតិ ​(២).​នីតិវិធី​ចំណាយ ​(៣).នីតិវិធី​និយ័ត​ភាព​ឥណទាន​ផ្ទៃ​ក្នុង​ និង​(៤).​ការ​អនុវត្ត​នីតិ​វិធី​លទ្ធកម្ម​សាធារណៈ ​ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​មន្រ្តី​នាយកដ្ឋាន​ផែនការ​ និង​ហិរញ្ញវត្ថុ​៕​


 

អត្ថបទជាប់ទាក់ទង