សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការ​កែសម្រួល ​និង​បំពេញ​បន្ថែម​លេខ​កូដ​ប្រៃសណីយ៍​ឆ្នាំ​២០១៧​

រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃច័ន្ទ​ ១២រោច​ ខែមាឃ ​ឆ្នាំរកា​ ព.ស.២៥៦១​ ត្រូវ​នឹង​ថ្ងៃទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​ នៅទីស្ដីការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនាគមន៍ ​មាន​រៀប​ចំ​សិក្ខា​សាលាផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការ​កែសម្រួល​ និង​បំពេញ​បន្ថែម​លេខ​កូដ​ប្រៃ​សណីយ៍​ឆ្នាំ២០១៧​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ឯក វណ្ណឌី​ រដ្ឋលេខាធិការ​ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ដោយ​មាន​ការ​ចូល​រួម​ពីឯកឧត្ដម​ លោកជំទាវ​ ថ្នាក់​ដឹកនាំ ​មន្ត្រីរាជ​ការក្រសួង​ប្រៃសណីយ៏ និង​លោក​ លោកស្រី ​តំណាង​សហគ្រាស​ ប្រតិបត្តិករ​ប្រៃសណីយ៍​ជាច្រើន​រូប​ផង​ដែរ។​

ឯកឧត្ដម​ ឯក វណ្ណឌី​ រដ្ឋលេខាធិការ​ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍

លេខ​កូដ​ប្រៃសណីយ៍​ឆ្នាំ២០១៧ ​ដែល​បាន​កែសម្រួល ​និង​បំពេញ​បន្ថែម​នាពេល​នេះ ​គឺជាសមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ អនុលោម​ទៅ​តាម​បច្ចុប្បន្ន​ភាព​រចនាសម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល​មាន​សង្គិនភាព​ជាមួយ​បទដ្ឋាន​អន្តរជាតិ​ និង​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​តម្រូវ​ការ​ចំបាច់​នៃ​វិស័យ​ប្រៃ​សណីយ៍ដែល​ត្រូវ​សម្រប​ខ្លួន​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​បច្ចេក​វិទ្យា​ ពិសេស​ការ​កើន​ឡើង​នូវ​សេវា​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ដែល​ជា​កម្លាំង​សន្ទុះ​ថ្មី​ឆ្ពោះ​ទៅ​សេដ្ឋកិច្ច​ឌីជីថល​។​ កម្ម​វត្ថុ​សំខាន់​នៃ​សិក្ខា​សាលានេះ​គឺចង់​ផ្សព្វផ្សាយ​អំពី​ប្រកាស​ស្ដីពីការ​កែ​សម្រួល​ និង​បំពេញ​បន្ថែម​លេខ​កូដ​ប្រៃសណីយ៍​ឆ្នាំ២០១៧​ សម្រាប់​កំណត់​សម្គាល់​អាសយដ្ឋាន​មួយ​ ឬបណ្ដុំ​អាសយដ្ឋាន​ជាក់​លាក់​ណាមួយ​ ឬ​តំបន់​ប្រៃសណីយ៍​រាជធានី ​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ ​សង្កាត់​ នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​នឹង​មាន​ប្រសិទិ្ធភាព​អនុវត្ត​ចាប់​ពី​ត្រីមាស​ទី៣ ​នៃ​ឆ្នាំ​២០១៨​ នេះ​តទៅ៕​


 

អត្ថបទជាប់ទាក់ទង