ឯកឧត្ដម កាន ច័ន្ទមេត្តា អនុញ្ញាតឲ្យគណៈប្រតិភូនៃសភាពាណិជ្ជកម្មអឺុរ៉ុបប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅទីស្ដីការក្រសួង
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យគណៈប្រតិភូនៃសភាពាណិជ្ជកម្មអឺុរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺុរ៉ុបប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅទីស្ដីការក្រសួង ក្នុងគោលបំណងជំរុញឲ្យប្រសើរឡើងនូវកិច្ចសន្ទនាជាមួយវិស័យឯកជន ជាពិសេសវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា បានមានប្រសាសន៍ប្រាប់គណៈប្រតិភូសភាពាណិជ្ជកម្មអឺុរ៉ុបប្រចាំនៅកម្ពុជាអំពីភាពជោគជ័យមួយចំនួនពាក់ព័ន្ធនឹងការកសាងលិខិតបទដ្ឋានគតិយុត្ត និងឯកសារតម្រង់ទិសដែលរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចបានរួមមាន ការអនុម័តច្បាប់ទូរគមនាគមន៍ អនុក្រឹត្យមួយចំនួនរួមមានអនុក្រឹត្យស្តីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ អនុក្រឹត្យស្តីពីការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងព័ត៌មាន អនុក្រឹត្យស្តីការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល និងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ ជាដើម។ ឯកសារខាងលើនេះគឺជាកម្លាំងចលករមួយដ៏ធំក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ទ-បគព) ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការប្រមូលផ្តុំវិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យ ទ-បគព ផងដែរ។ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចការដែលក្រសួងកំពុងយកចិត្តទុកដាក់ក្នុងការសិក្សា និងរៀបចំក្នុងការអភិវឌ្ឍបន្តនោះគឺសេដ្ឋកិច្ចឌីជីថល។
ក្នុងកិច្ចពិភាក្សានេះផងដែរ តំណាងសភាពាណិជ្ជកម្មអឺុរ៉ុបប្រចាំនៅកម្ពុជាក៏បានធ្វើបទបង្ហាញអំពីសមិទ្ធផលធំៗរបស់ខ្លួន ព្រមទាំងបានសម្តែងពីឆន្ទៈក្នុងការចូលរួមចំណែកសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពាក់ព័ន្ធនឹងវិស័យអប់រំ សហគ្រិនភាព សិក្ខាសាលា ឬវេទិកាផ្សេងៗផងដែរ។
ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕