កិច្ចប្រជុំក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំលើកដំបូងក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដើម្បីផ្សព្វផ្សាយសមាសភាពក្រុមការងារ និងកំណត់ទិសដៅការងារសំខាន់ៗរបស់ក្រុមការងារ ដោយមានការចូលរួមពីមន្ត្រីនៃអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាននានាក្រោមឳវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសមាសភាពក្រុមការងារ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្រធានក្រុមការងារ បានបញ្ជាក់ជូនក្រុមការងារអំពីកិច្ចការចំាបាច់មួយចំនួនដែលឈានទៅដល់ការបង្កើតក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ និងកិច្ចការអនុវត្តកន្លងមកពាក់ព័ន្ធនឹងការសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ផ្អែកតាមសេចក្ដីសម្រេចលេខ ០១២ បទ.ស.ស.រ ចុះថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ក្រុមការងារនេះមានតួនាទី និងភារកិច្ចដូចតទៅ៖
– ដឹកនាំការសរសេររបាយការណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមការស្នើសុំពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងស្ថាប័នពាក់ព័ន្ធ។
– ពិនិត្យ និងលើកយោបល់ជូនថ្នាក់ដឹកនាំក្រសួងអំពីការងារពាក់ព័ន្ធនឹងសិទិ្ធមនុស្សក្នុងក្របខណ្ឌក្រសួង និងអនុវត្តន៍សេចក្ដីសម្រេច ឬបទបញ្ជានានារបស់ថ្នាក់ដឹកនាំក្រសួង។
– សិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលទ្ធផលការងារសម្រេចបានរបស់ក្រសួងសម្រាប់ជាមូលដ្ឋានក្នុងការសរសេររបាយការណ៍ទាក់ទងនឹងសិទ្ធិមនុស្សនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
- ស្រាវជ្រាវប្រមូលចងក្រងឯកសារទាក់ទងសិទ្ធិមនុស្ស ធ្វើការអប់រំបណ្ដុះបណ្ដាល និងផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្សដល់មន្ត្រីក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
– តាមដានព័ត៌មានដែលចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានា និងពីប្រភពផ្សេងៗទៀតពាក់ព័ន្ធនឹងសិទ្ធិមនុស្សក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
– បំពេញការងារសិទ្ធិមនុស្សផ្សេងទៀតតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួង។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមប្រធានក្រុមការងារ បានសម្រេចដាក់ទិសដៅចំនួន៣គឺ ៖
១.អង្គភាពចំណុះត្រូវផ្ដល់ជារបាយការណ៍របស់អំពីលទ្ធផលសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់អង្គភាពខ្លួន រៀងរាល់មួយត្រីមាសម្តង
២.ក្រុមការងារត្រូវខិតខំតាមដានសិក្សាស្វែងយល់ព័ត៌មានស្ដីពីសិទ្ធិមនុស្សតាមបណ្ដារសារព័ត៌មាននានា និងបណ្ដាញអ៊ីនធឺណិត ពិសេសបណ្ដាញសង្គម
៣.ពិនិត្យលទ្ធភាពរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹងជាមូលដ្ឋាននៃសិទ្ធិមនុស្ស និងអំពីការសរសេររបាយការណ៍សិទ្ធិមនុស្សដល់ក្រុមការងារ។
កិច្ចប្រជុំបានបញ្ចប់នាវេលាម៉ោង ១០:៤៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ស្ថិតក្រោមបរិយាកាសរីករាយ និងស្និទ្ធិស្នាលយ៉ាងក្រៃលែង៕