សិក្ខា​សាលា​ប្រមូល​ធាតុ​ចូល​ដើម្បី​រៀប​ចំ​គោល​នយោបាយ​សម្រាប់​ការ​បង្កើត​ធុរកិច្ច​ឌីជីថល ​(Start-up​ Policy ​Hack)​

រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃអង្គារ​ ៦រោច ​ខែមាឃ ​ឆ្នាំរកា ​ព.ស.២៥៦១ ​ត្រូវ​នឹងថ្ងៃទី​០៦ ​ខែកុម្ភៈ ​ឆ្នាំ​២០១៨​ នៅទីស្ដីការ​ក្រសួង ​ឯកឧត្តម​បណ្ឌិត ​កាន ច័ន្ទមេត្តា ​រដ្ឋ​លេខាធិការ​ ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ប្រមូល​ធាតុ​ចូល​ដើម្បី​រៀប​ចំ​គោល​នយោបាយ​សម្រាប់​ការ​បង្កើត​ធុរ​កិច្ច​ឌីជីថល ​(Start-up​ Policy​ Hack)​។​ 

​ឯកឧត្តម​បណ្ឌិត ​កាន ច័ន្ទមេត្តា ​រដ្ឋ​លេខាធិការ​ ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគមនាគមន៍

Start-up Policy Hack គឺជាវេទិកាពិសេសមួយដែលផ្តល់ឱកាសដល់អ្នកចូលរួម និងដៃគូពាក់ព័ន្ធធ្វើការពិភាក្សាលើបញ្ហាប្រឈម និងផលលំបាកនានាដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថលជូនដល់អ្នករៀបចំគោលនយោបាយដើម្បីកំណត់ជាវិធានការគាំទ្រការជំរុញការវិនិយោគ និងការលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់សម្រាប់សហគ្រិន និងអ្នកធ្វើនវានុវត្តន៍ក្នុងវិស័យឌីជីថលនេះ។ សិក្ខាសាលានេះអនុញ្ញាតឱ្យអ្នកចូលរួមនាំយកមកនូវបញ្ហាប្រឈមជាក់លាក់ដែលពួកគេកំពុងជួបប្រទះក្នុងប្រព័ន្ធអេកូឌីជីថល និងគំនិតនៃរបៀបដោះស្រាយបញ្ហាទាំងនោះ។

បញ្ហាដែលអ្នកចូលរួមនឹងដោះស្រាយនោះមិនមែនជាការភ្ញាក់ផ្អើលចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈមដែលត្រូវបង្ហាញទៅដល់អ្នករៀបចំគោលនយោបាយដូចជា ការចម្រាញ់ និងការផ្ទៀងផ្ទាត់រកដំណោះស្រាយដែលបានលើកឡើងតាមរយៈភាពជាដៃគូររវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការរៀបចំសិក្ខាសាលានេះជាការរៀបចំលើកទី១ ដែលការរៀបចំគោលនយោបាយត្រូវបានរៀបចំក្នុងវិធីសាស្ត្រពីក្រោមមកលើ ហើយផ្តល់នូវធាតុចូលយ៉ាងសំខាន់ដល់អ្នកធ្វើគោលនយោបាយ។

ដើម្បីដោះស្រាយបញ្ហារំខានដល់ការអភិវឌ្ឍឌីជីថល (Digital Distruption) រាជរដ្ឋាភិបាលមិនអាចធ្វើគោលនយោបាយតែឯងបានទេ ហេតុនេះ Start-up Policy Hack បានអញ្ជើញអ្នកចូលរួម ដែលមានចំណាប់អារម្មណ៍លើការបង្កើតគោលនយោបាយនេះចូលរួមដើម្បីបង្កើតជាវិធីសាស្រ្តថ្មីៗ ក្នុងទម្រង់ភាពជាដៃគូដែលមានលក្ខណៈបើកចំហសហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន។

អង្គសិក្ខាសាលាផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់នូវគោលគំនិតនៃការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិនានាដូចជា Sandboxes ដែលត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនដែលកំពុងប្រឈមមុខនឹងវិវាទ និងការធ្វើបទប្បញ្ញត្តិក្នុងទិសដៅមានភាពមិនស៊ីសង្វាក់គ្នាជាទូទៅកើតឡើងជាមួយនឹងឧស្សាហកម្មប្រពៃណីដូចជា វិស័យដឹកជញ្ជូន សុខាភិបាល អប់រំ ធនាគារ ព្រមទាំងវិស័យច្រើនទៀត ទន្ទឹមគ្នានឹងការកកើតឡើងនូវបច្ចេកវិទ្យាដោយប្រើប្រាស់ឌីជីថលដែលធ្វើនវានុវត្តន៍ដោយក្រុមហ៊ុនថ្មី៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
លោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិ NIPTICT
ទូរស័ព្ទលេខ 016 868984 អ៊ីម៉េល sun.rapid@niptict.edu.kh


 

អត្ថបទជាប់ទាក់ទង