សិក្ខាសាលាប្រមូលធាតុចូលដើម្បីរៀបចំគោលនយោបាយសម្រាប់ការបង្កើតធុរកិច្ចឌីជីថល (Start-up Policy Hack)
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាប្រមូលធាតុចូលដើម្បីរៀបចំគោលនយោបាយសម្រាប់ការបង្កើតធុរកិច្ចឌីជីថល (Start-up Policy Hack)។
Start-up Policy Hack គឺជាវេទិកាពិសេសមួយដែលផ្តល់ឱកាសដល់អ្នកចូលរួម និងដៃគូពាក់ព័ន្ធធ្វើការពិភាក្សាលើបញ្ហាប្រឈម និងផលលំបាកនានាដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថលជូនដល់អ្នករៀបចំគោលនយោបាយដើម្បីកំណត់ជាវិធានការគាំទ្រការជំរុញការវិនិយោគ និងការលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់សម្រាប់សហគ្រិន និងអ្នកធ្វើនវានុវត្តន៍ក្នុងវិស័យឌីជីថលនេះ។ សិក្ខាសាលានេះអនុញ្ញាតឱ្យអ្នកចូលរួមនាំយកមកនូវបញ្ហាប្រឈមជាក់លាក់ដែលពួកគេកំពុងជួបប្រទះក្នុងប្រព័ន្ធអេកូឌីជីថល និងគំនិតនៃរបៀបដោះស្រាយបញ្ហាទាំងនោះ។
បញ្ហាដែលអ្នកចូលរួមនឹងដោះស្រាយនោះមិនមែនជាការភ្ញាក់ផ្អើលចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈមដែលត្រូវបង្ហាញទៅដល់អ្នករៀបចំគោលនយោបាយដូចជា ការចម្រាញ់ និងការផ្ទៀងផ្ទាត់រកដំណោះស្រាយដែលបានលើកឡើងតាមរយៈភាពជាដៃគូររវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការរៀបចំសិក្ខាសាលានេះជាការរៀបចំលើកទី១ ដែលការរៀបចំគោលនយោបាយត្រូវបានរៀបចំក្នុងវិធីសាស្ត្រពីក្រោមមកលើ ហើយផ្តល់នូវធាតុចូលយ៉ាងសំខាន់ដល់អ្នកធ្វើគោលនយោបាយ។
ដើម្បីដោះស្រាយបញ្ហារំខានដល់ការអភិវឌ្ឍឌីជីថល (Digital Distruption) រាជរដ្ឋាភិបាលមិនអាចធ្វើគោលនយោបាយតែឯងបានទេ ហេតុនេះ Start-up Policy Hack បានអញ្ជើញអ្នកចូលរួម ដែលមានចំណាប់អារម្មណ៍លើការបង្កើតគោលនយោបាយនេះចូលរួមដើម្បីបង្កើតជាវិធីសាស្រ្តថ្មីៗ ក្នុងទម្រង់ភាពជាដៃគូដែលមានលក្ខណៈបើកចំហសហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន។
អង្គសិក្ខាសាលាផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់នូវគោលគំនិតនៃការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិនានាដូចជា Sandboxes ដែលត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនដែលកំពុងប្រឈមមុខនឹងវិវាទ និងការធ្វើបទប្បញ្ញត្តិក្នុងទិសដៅមានភាពមិនស៊ីសង្វាក់គ្នាជាទូទៅកើតឡើងជាមួយនឹងឧស្សាហកម្មប្រពៃណីដូចជា វិស័យដឹកជញ្ជូន សុខាភិបាល អប់រំ ធនាគារ ព្រមទាំងវិស័យច្រើនទៀត ទន្ទឹមគ្នានឹងការកកើតឡើងនូវបច្ចេកវិទ្យាដោយប្រើប្រាស់ឌីជីថលដែលធ្វើនវានុវត្តន៍ដោយក្រុមហ៊ុនថ្មី៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
លោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិ NIPTICT
ទូរស័ព្ទលេខ 016 868984 អ៊ីម៉េល sun.rapid@niptict.edu.kh