ឯកឧត្ដម ​កាន ​ច័ន្ទមេត្តា​ អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​អឺុរ៉ុប​ប្រចាំ​នៅកម្ពុជា​ ជួប​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួង​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ​ឯកឧត្តមបណ្ឌិត​ កាន ច័ន្ទមេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​អឺុរ៉ុប​ប្រចាំ​នៅកម្ពុជា​ ដឹកនាំ​ដោយ​លោក​ Arnaud DARC ​ប្រធាន​សភាពាណិជ្ជកម្មអឺុរ៉ុប​ប្រចាំ​នៅកម្ពុជា​ ជួប​ពិភាក្សា​ការងារ​នៅទីស្ដីការ​ក្រសួង​ ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សន្ទនា​ជាមួយ​វិស័យ​ឯកជន​ ជាពិសេស​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ (ICT) ​នៅ​កម្ពុជា។​

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា បាន​មាន​ប្រសាសន៍​ប្រាប់​គណៈ​ប្រតិភូ​សភាពាណិជ្ជកម្ម​អឺុរ៉ុប​ប្រចាំ​នៅ​កម្ពុជា​អំពី​ភាព​ជោគជ័យ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​កសាង​លិខិត​បទដ្ឋាន​គតិយុត្ត​ និង​ឯកសារ​តម្រង់​ទិស​ដែលរាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ សម្រេច​បាន​រួមមាន​ ការអនុម័ត​ច្បាប់​ទូរគមនាគមន៍ ​អនុក្រឹត្យ​មួយ​ចំនួន​រួម​មាន​អនុក្រឹត្យ​ស្តីពី​ការ​កំណត់​យន្តការ​សម្រាប់​អនុវត្ត​កម្មវិធី​កាតព្វកិច្ច​សេវា​​សកល​វិស័យ​ទូរ​គមនាគមន៍​ អនុក្រឹត្យស្តីពី​ការកំណត់​យន្តការ​សម្រាប់​គ្រប់គ្រង​ផែនការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវជ្រាវ​ និង​ការអភិវឌ្ឍ​​លើវិស័យទូ​រគមនាគមន៍និង​ព័ត៌មាន​ អនុក្រឹត្យស្តីការ​ផ្តល់ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិការ​លើ​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍ និងព័ត៌មាន​ អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌីជីថល ​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​-បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន ​ឆ្នាំ២០២០​ ជាដើម។​ ឯកសារ​ខាងលើនេះ​គឺជាកម្លាំង​ចលករ​មួយ​ដ៏ធំ​ក្នុងការ​អភិវឌ្ឍវិស័យ​ទូរគមនាគមន៍​-បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ (ទ-បគព) ​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​។ ​ទន្ទឹមនឹងនេះ ​ឯកឧត្តមបណ្ឌិត​ ក៏បាន​លើក​ពីបញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងការ​ប្រមូល​ផ្តុំ​វិស័យ​ឯកជន​ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ក្នុងវិស័យ ​ទ-បគព ​ផងដែរ។​ ឯកឧត្តម​ក៏បានលើក​ឡើង​អំពី​កិច្ចការ​ដែល​ក្រសួង​កំពុង​យក​​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា ​និងរៀបចំ​ក្នុង​ការ​អភិវឌ្ឍ​បន្ត​នោះ​គឺសេដ្ឋកិច្ច​ឌីជីថល​។​

ក្នុងកិច្ចពិភាក្សានេះផងដែរ តំណាងសភាពាណិជ្ជកម្មអឺុរ៉ុបប្រចាំ​នៅកម្ពុជា​ក៏បានធ្វើបទ​បង្ហាញ​អំពី​សមិទ្ធផល​ធំៗ​របស់ខ្លួន​ ព្រមទាំង​បាន​សម្តែង​ពីឆន្ទៈ​ក្នុង​ការ​ចូលរួម​ចំណែក​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​ពាក់ព័ន្ធ​នឹង​វិស័យអប់រំ​  សហគ្រិនភាព​ សិក្ខាសាលា​ ឬវេទិកា​ផ្សេងៗ​ផងដែរ។​

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕


 

អត្ថបទជាប់ទាក់ទង