ឯកឧត្តមរដ្ឋលេខាធិការ​ ឯក វណ្ណឌី​ ដឹកនាំ​ប្រតិភូ​ក្រសួង​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​វៀតណាម ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ដកស្រង់​ពិសោធន៍​ការ​អភិវឌ្ឍន៍​វិស័យ​ប្រៃ​សណីយ៍

ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រៃសណីយ៍កម្ពុជា ចំនួន១៣រូប ទៅធ្វើទស្សនកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងយល់ និងដកស្រង់ពិសោធន៍ពីគោលនយោបាយ ក៏ដូចជាការអនុវត្តជាក់ស្តែងរបស់វិស័យប្រៃសណីយ៍វៀតណាម ដែលបានអភិវឌ្ឍវិស័យប្រៃសណីយ៍នេះបានជោគជ័យ ពិសេសលើការផ្គត់ផ្គង់សេវាប្រៃសណីយ៍រហូតដល់ជនបទ។

នៅក្នុងទស្សនកិច្ចនេះ ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីភាគីវៀតណាម ដោយបានជួបសម្តែងការគួរសមជាមួយឯកឧត្តម Nguyen Minh Hong អនុរដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម បានជួបពិភាក្សាការងារជាមួយតំណាងនាយកដ្ឋានប្រៃសណីយ៍ វៀតណាម (Postal Department) តំណាងសម្ព័ន្ធក្រុមហ៊ុនVNPT សម្ព័ន្ធក្រុមហ៊ុន Viettel Group តំណាងប្រៃសណីយ៍វៀតណាម (Vietnam Post) ប្រធានក្រុមហ៊ុនសេវាបញ្ញើឆាប់រហ័សEMS Vietnam និងបានធ្វើទស្សនកិច្ចនៅប្រៃសណីយ៍ក្នុងទីក្រុងហាណូយ រួចក៏បន្តដំណើរទៅប្រៃសណីយ៍នៃ ខេត្តHua Binh ដើម្បីស្វែងយល់ពីការអនុវត្តជាក់ស្តែងរបស់ប្រទេសវៀតណាម។

ជាលទ្ធផល ដំណើរទស្សនកិច្ចនេះ សម្រេចបានជោគជ័យ ដោយប្រតិភូបានស្វែងយល់ពីគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ពិសេសការស្វែងរកចំណូលតាមរយៈសេវាកម្មផ្សេងៗដូចជាសេវាហិរញ្ញវត្ថុ សេវាធានារ៉ាប់រង និងសេវាដទៃទៀត ដែលធ្វើអោយប្រៃសណីយ៍វៀតណាមអាចដំណើរការដោយខ្លួនឯងបាន ដោយពុំមានការឧបត្ថម្ភទុនពីរដ្ឋ និងអាចផ្គត់ផ្គង់សេវាបានរហូតដល់ជនបទ។ ផ្តើមចេញពីទស្សនកិច្ចនេះ យើងក៏អាចពង្រឹងបាននូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរលើវិស័យប្រៃសណីយ៍ និងអាចទាញយកនូវធាតុចូលសំខាន់ៗចេញពីការអនុវត្ត និងបទពិសោធន៍របស់វៀតណាម សម្រាប់អភិវឌ្ឍន៍នូវគោលនយោបាយ បទដ្ឋានគតិយុត្ត សម្រាប់ការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជានៅថ្ងៃអនាគត៕


 

អត្ថបទជាប់ទាក់ទង