ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ​អញ្ជើញ​ជាអធិបតី​សម្ពោធ​ដាក់​ឲ្យដំណើរ​ការប្រព័ន្ធ​ Wi-Fi ​សាធារណៈ ​ដែល​ជាកិច្ច​សហប្រតិបត្តិការ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយ​សាជីវកម្ម​ទូរ​គមនាគមន៍កូរ៉េ​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅសួនច្បារមុខវត្តបុទុមវត្តី ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធសេវា Wi-Fi សាធារណៈ ដែលជាកិច្ចសហប្រតិបត្តិការរវាងទូរគមនាគមន៍កម្ពុជា ជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT)។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ពិធីនេះមានការអញ្ចើញចូលរួមពី ឯកឧត្ដម Oh Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Hyeon-Mo KU ប្រធាន និងជានាយកផែនការយុទ្ធសាស្ត្រនៃសាជីវកម្មទូរគមនាគមន៍កូរ៉េ ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការ បុគ្គលិក និយោជិកក្រសួង ប.ទ.និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស រួមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្ដម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជា បានធ្វើរបាយការណ៍ស្វាគមន៍ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន និងកំពុងអនុវត្តន៍គម្រោងចំនួន ០២គឺ ១.គម្រោងតភ្ជាប់ប្រព័ន្ធ Wi-Fi សាធារណៈ ឬPublic Wi-Fi Project និង ២.គម្រោងតភ្ជាប់ប្រព័ន្ធឌីជីថលទំនាក់ទំនងគ្នាសម្រាប់សាលារៀន (Digital Connectivity for School)។ គម្រោងទាំងពីរនេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈសាជីវកម្មទូរគមនាគមន៍កូរ៉េ (TK) ជូនរាជរដ្ឋាភិបាលកម្ពុជា រួមមានសម្ភារៈបរិក្ខារ អ្នកជំនាញបច្ចេកទេស ព្រមទាំងការបណ្ដុះបណ្ដាលវិស្វករជំនាញដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទូរគមនាគមន៍កម្ពុជា ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤០០,០០០ដុល្លារអាមេរិក។ ចំណែកឯការចំណាយលើសេវាអ៊ីនធឺណិតប្រចាំឆ្នាំ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្មក្នុងស្រុក ការថែទាំ ព្រមទាំងការចំណាយផ្សេងៗសម្រាប់ទ្រទ្រង់ដំណើរការអនុវត្តន៍គម្រោងនេះជាបន្ទុករបស់ទូរគមនាគមន៍កម្ពុជា។

ឯកឧត្ដម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងឱកាសនោះ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសំដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធិផលថ្មីនេះដែលកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ទូរគមនាគមន៍កម្ពុជាក្នុងបេសកកម្មអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ជាពិសេសសាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) ដែលបានផ្ដល់នូវការឧបត្ថម្ភដល់កម្ពុជាក្នុងកិច្ចសហប្រត្តិការលើវិស័យនានា ជាពិសេសវិស័យទូរគមនាគមន៍ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធគម្រោង Wi-Fi សាធារណៈ និងប្រព័ន្ធឌីជីថលទំនាក់ទំនងគ្នាសម្រាប់សាលារៀន ឲ្យបានប្រសើរនិងរឹងមាំដូចបណ្ដាប្រទេសជិតខាងក្នុងតំបន់។

ឯកឧត្ដម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងមានការរីកចម្រើនទៅមុខឥតឈប់ឈរក្នុងការប្រឹងប្រែងដើម្បីអភិវឌ្ឍមធ្យោបាយរស់នៅរបស់ប្រជាជន ការសិក្សា ការអនុវត្តការងារ និងការធ្វើអន្តរកម្មរបស់រដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ សំខាន់ជាងនេះទៅទៀត វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) បានជួយរួមចំណែកដល់ការអភិវឌ្ឍសហគ្រាស ក្រុមហ៊ុន និងសហគមន៍ ព្រមទាំងជួយដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្ត។ ឯកឧត្ដមរដ្ឋមន្រ្តីបន្ថែមទៀតថា គោលបំណងចំបងនៃគម្រោងតភា្ជប់ប្រព័ន្ធ Wi-Fi សាធារណៈ និងប្រព័ន្ធឌីជីថលទំនាក់ទំនងគ្នាសម្រាប់សាលារៀន (Digital Connectivity for School) គឺផ្ដល់ភាពងាយស្រួលជូនភ្ញៀវជាតិ និងអន្តរជាតិក្នុងការប្រើប្រាស់សេវាអ៊ិនធឺណិតក្នុងអំឡុងពេលស្នាក់នៅលំហែកាយនៅទីសាធារណៈក្នុងរាជធានីភ្នំពេញ និងពង្រីកសក្កានុពលនៃការប្រើប្រាស់សេវាអ៊ិនធឺណិតឲ្យបានទូលំទូលាយ និងផ្ដល់ភាពងាយស្រួលជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសិក្សាមេរៀនថ្មីៗនៅនឹងកន្លែងឲ្យបានទាន់ពេលវេលា ងាយស្រួលធ្វើបច្ចុប្បន្នភាពមេរៀន ការផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ កាត់បន្ថយចំណាយអាណាព្យាបាលសិស្សានុសិស្ស ហើយចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង និងមានសមត្ថភាពជំនាញប្រកបដោយវិជ្ជាជីវៈ។

ឯកឧត្ដមរដ្ឋមន្ត្រីសង្ឃឹមយ៉ាងយ៉ាងមុតមាំថា តាមរយៈពិធីសម្ពោធ និងការចូលរួមរបស់ ឯកឧត្ដម លោកជំទាវ លោកឧកញា លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងពេលនេះនឹងផ្ដល់ការលើកទឹកចិត្តក៏ដូចជាការគាំទ្រដល់ការដាក់ឲ្យប្រើប្រាស់នូវគម្រោងនេះឲ្យកាន់តែល្អប្រសើរប្រកបដោយភាពជោគជ័យ។

គួររំឮកផងដែរថា៖
-គម្រោងតភ្ជាប់ប្រព័ន្ធសេវា Wi-Fi សាធារណៈ ឬPublic Wi-Fi Project ត្រូវបានតម្លើងនៅទីតាំងចំនួន០២ នៅរាជធានីភ្នំពេញគឺ ១/.ស្ថិតនៅសួនច្បារសម្តេចហ៊ុនសែន និង ២/.ស្ថិតនៅសួនច្បារមុខព្រះបរមរាជវាំង ដែលមានលទ្ធភាពផ្ដល់សេវាអ៊ិនធឺណិតអតិបមា ១.០០០Mbps នៅតាម Access Point (AP) នីមួយៗ។
-គម្រោងការតភ្ជាប់ប្រព័ន្ធឌីជីថលទំនាក់ទំនងគ្នាសម្រាប់សាលារៀន (Digital Connectivity for School) ត្រូវបានតម្លើងនៅទីតាំងចំនួន០៣ គឺ ១/.វិទ្យាល័យហ៊ុនសែនកំពង់លែង ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ២/.វិទ្យាល័យហ៊ុនសែនទួលខ្ពស់ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ៣/.វិទ្យាល័យអ៊ីវ៉ាស្រង់ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕


 

អត្ថបទជាប់ទាក់ទង