ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបិទអង្គសិក្ខាសាលាស្តីពីការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ អ៊ិនធឺណិតកាហ្វេ គុណភាពសេវា និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍
ខេត្តប៉ៃលិន៖ នាថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពីការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ អ៊ិនធឺណិតកាហ្វេ គុណភាពសេវា និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដល់ប្រធាន អនុប្រធាន និងមន្ត្រីជំនាញនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តទាំង ២៤ខេត្ត។ សិក្ខាសាលានេះត្រូវបានដឹកនាំសម្របសម្រួលដោយនិយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន ព្រមទាំងទទួលបានការចូលរួមឧបត្ថម្ភពីទូរគមនាគមន៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា ដោយបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ គិតចាប់ពីថ្ងៃទី៣០ នឹងបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដោយទទួលបានភាពជោគជ័យស្ថិតក្រោមបរិយាកាសរីករាយ និងស្និទ្ធិស្នាលក្រៃលែង៕