ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្ដីពីអភិបាលកិច្ចទិន្នន័យ​​​ឌីជីថល​ក្នុងតំបន់អាស៊ាន នៅប្រទេសសិង្ហបុរី

ប្រទេសសិង្ហបុរី៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី “Straits Digital Exchange” នៅប្រទេសសិង្ហបុរី ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រតិភូអមដំណើរបានអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្ដីពីអភិបាលកិច្ចទិន្នន័យឌីជីថលក្នុងតំបន់អាស៊ាន (Ministerial Dialogue on Digital Data Governance in ASEAN) សម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យអភិបាលកិច្ច ឬការពារទិន្នន័យ។ 

កិច្ចសន្ទនានេះបង្កើតឡើងគឺដើម្បីគាំទ្រគំនិតផ្តួចផ្ដើមទី៧ ក្នុងផែនការមេសម្រាប់តភ្ជាប់អាស៊ាន២០២៥ (Master Plan on ASEAN connectivity-MPAC2025) អនុម័តដោយប្រទេសក្នុងតំបន់អាស៊ានក្នុងខែសីហា ឆ្នាំ២០១៦ ដើម្បីបង្កើតក្របខ័ណ្ឌប្រកបដោយសង្គតភាព និងគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិបាលកិច្ចទិន្នន័យក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ (TELMIN-17) នៅប្រទេសកម្ពុជា រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានបានឲ្យឧត្ដមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យា (TELSOM) ធ្វើការបង្កើតនូវក្របខ័ណ្ឌអាស៊ានស្ដីពីអភិបាលកិច្ចទិន្នន័យឌីជីថលត្រឹមដំណាច់ឆ្នាំ២០១៩។ 

ចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីសិង្ហបុរីបានរៀបចំនូវសេចក្ដីព្រាងថ្លែងការណ៍នៃកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីលើប្រធានបទ “អភិបាលកិច្ចទិន្នន័យឌីជីថលក្នុងតំបន់អាស៊ាន” ដោយស្នើសុំឲ្យប្រទេសជាសមាជិកអាស៊ានពិនិត្យ និងគាំទ្រដើម្បីផ្ដល់ការណែនាំដល់ឧត្ដមមន្រ្តីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតក្របខ័ណ្ឌនេះ ក៏ដូចជាការពារទិន្នន័យឯកជនស្របតាមផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០ (Asean ICT Master Plan 2020-AIM2020) ក្នុងទិសដៅប្រែក្លាយប្រទេសក្នុងតំបន់អាស៊ានទៅកាន់សេដ្ឋកិច្ចឌីជីថល៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍