ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ហត្ថលេខាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” នៅសណ្ឋាគារ Raffle Le Royal

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មានការរៀបចំវេទិកាលើកទី៤ ស្តីអំពី “ហត្ថលេខាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខបច្ចេកវិទ្យា​​គមនាគមន៍និងព័ត៌មាន” (Tech-Startup and MSMEs: Digital Signature, FinTech and Cybersecurity) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគារ Raffle Le Royal។ សិក្ខាសាលាលើកទី៤នេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការគ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍     គណៈកម្មការមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីអ្នកតំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល ប្រតិបត្តិករ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ប្រតិបត្តិករ និងបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រតិបត្តិករវិស័យហិរញ្ញវត្ថុ វិស័យឯកជន ក្រុមហ៊ុនចាប់ផ្តើមថ្មី (Startup) គ្រឹះស្ថានឧត្តមសិក្សា និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។

 ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ កម្ពុជាបាននិងកំពុងអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឱ្យមានលក្ខណៈជឿនលឿន, មានសេវាគុណភាពខ្ពស់និងតម្លៃប្រកបដោយការប្រកួតប្រជែងស្របទៅតាមស្តង់ដារអន្តរជាតិ, និងឱ្យមានប្រព័ន្ធទូរគមនាគមន៍គ្របដណ្តប់ទូទាំងផ្ទៃប្រទេស។ កម្ពុជាសម្រេចបាននូវគោលនយោបាយនិងយុទ្ធសាស្ត្រនិងបទប្បញ្ញត្តិ  ចម្បងៗដូចជា ផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២០២០, គោលនយោបាយអភិវឌ្ឍន៍ វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០២០, ច្បាប់ទូរគមនាគមន៍ និងបទប្បញ្ញត្តិ ពាក់ព័ន្ធមួយចំនួនទៀត។ ខណៈពេលដែលការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មានភាពកើនឡើងរួមផ្សំនឹងការវិវត្តន៍នៃ     បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានបានក្លាយជាចំណុចរសើបដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ ជាមួយគ្នានេះផងដែរ ដើម្បីប្រែក្លាយកម្ពុជាឈានទៅរកសេដ្ឋកិច្ចឌីជីថលចាំបាច់ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

ក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ខណៈដែលការតភ្ជាប់មានកាន់តែច្រើន ហានិភ័យក៏កាន់តែខ្ពស់ផងដែរ។ ការបាត់បង់ទំនុកចិត្តនិងភាពជឿជាក់ក្នុងការទំនាក់ទំនងតាមរយៈបញ្ហាសុវត្ថិភាពនិងសន្តិសុខនឹងជះឥទិ្ធពលទៅដល់វិស័យ ICTs ដែលជាកម្លាំង ចលករ ជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាសកល។ ក្នុងខណៈពេលដែលសង្គមជាក់ស្តែង និងសង្គមនៅលើអ៊ិនធឺណិតវិវត្តស្របគ្នា វាតម្រូវឱ្យមានការជំរុញដល់ការរដោះស្រាយនូវបញ្ហាប្រឈមនានាដើម្បីធានាបាននូវសន្តិសុខក្នុងការប្រើប្រាស់ សិទ្ធិមនុស្ស នីតិរដ្ឋ អភិបាលកិច្ចល្អ និងការរីកលូតលាស់នៃសេដ្ឋកិច្ច។

ឯកឧត្តមបានបន្តមានប្រសាសន៍លើ០៣ (បី)ចំណុចគឺហត្ថលេខាឌីជីថល នវានុវត្តន៍នៃការទូទាត់ប្រាក់ និងធនធានមនុស្សដែលប្រកបដោយឆន្ទៈនិងជំនាញវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ទី១. ហត្ថលេខាឌីជីថល៖ ហត្ថលេខាឌីជីថលនឹងក្លាយជាធាតុផ្សំដ៏សំខាន់មួយរួមចំណែកក្នុងបញ្ហាសន្តិសុខនិងភាពទុកចិត្តបាននៃប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងអតិថិជន។ វត្តមាននៃហត្ថលេខាឌីជីថលក្នុងប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិតនឹងផ្តល់នូវលទ្ធផលល្អប្រសើរតាមរយៈការកាត់បន្ថយការចំណាយ ការប្រកួតប្រជែងល្បឿនប្រតិបត្តិការ និងការធ្វើឱ្យអតិថិជនពេញចិត្ត។ ទី២. នវានុវត្តន៍នៃការទូទាត់ប្រាក់៖ នវានុវត្តន៍លើវិស័យបច្ចេកវិទ្យា-ហិរញ្ញវត្ថុ (Fintech) គឺជាផ្នែកមួយជំរុញឱ្យមានសេវាទូទាត់ដែលផ្តល់ជូនដោយពុំមានវត្តមានធនាគារ។ យើងសង្កេតឃើញថាមានការលេចចេញជាការទូទាត់ប្រាក់តាមបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានលំដាប់ពី Fintech Startup ទៅជាក្រុមហ៊ុនដែលមានទុនរាប់លានដុល្លារ ដែលក្រុមហ៊ុនទាំងនេះមានសមត្ថភាពគាំទ្រដល់ជំនួញនិងសេវាកម្មហិរញ្ញវត្ថុបាន ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់លើការជំរុញដល់ការវិវត្តរបស់Fintech ដោយចាប់ផ្តើមចេញពីការជំរុញលើនវានុវត្តន៍(Innovation)។ ៣. ធនធានមនុស្សដែលប្រកបដោយឆន្ទៈនិងជំនាញ៖ ធនធានមនុស្សនេះគឺជាគន្លឹះក្នុងការជំរុញដល់វិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដូច្នេះដើម្បីទទួលបានធនធានមនុស្សទាំងនេះ ក្រសួងប.ទ. កំពុងសហការជាមួយវិស័យឯកជនដើម្បីបណ្តុះបណ្តាលជំនាញក្នុងវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ពាកព័ន្ធនឹងធនធានមនុស្សនេះផងដែរ ឯកឧត្តមបានជំរុញឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិទ្យាសា្ថនជាតិ NIPTICT ខិតខំធ្វើការបន្ថែមជាមួយវិស័យឯកជនដើម្បីបង្កើនចំនួនអាហារូបករណ៍សិក្សាលើជំនាញសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដោយប្រើប្រាស់មូលនិធិស.អ. (CBR&D Fund) និងប្រភពថវិការបស់ដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា ឬតាមរយៈការសហការជាមួយវិស័យឯកជន។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានលើកឡើងថាក្នុងនាមជានិយ័តករគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា តែងផ្តោតការយកចិត្តទុកដាក់ទៅលើកាលានុវត្តន៍ភាពនៃការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលនឹងត្រូវដាក់ឱ្យដំណើរការតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ព្រមទាំងការការពារផលប្រយោជន៍ជូនអ្នកចូលរួមទាំងអស់ក្នុងទីផ្សារមូលបត្រកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គ.ម.ក បានអនុម័តប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម” ដែលបទប្បញ្ញត្តិនេះមានទិសដៅគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួមគ្រប់ទម្រង់ទាំងអស់ ដោយរាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុថ្មីមួយមានឈ្មោះថា “Crowdfunding” ដែលនឹងត្រូវធ្វើប្រតិបត្តិការតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏សំខាន់មួយក្នុងវិស័យមូលបត្រនិងដែលចូលរួមគាំទ្រលើ Tech Startup។

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ហត្ថលេខាឌីជីថល (Digital Signature) ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខនិងសុវត្ថិភាពព័ត៌មានផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត (E-commerce) ប្រតិបត្តការតាមប្រព័ន្ធអ៊ីនធឺណិត (Online Transaction) និងរាជ-  រដ្ឋាភិបាលឌីជីថល (Digital Government)។ ឯកឧត្តមបានបន្តទៀតថា ១.ក្រសួងនឹងបន្តធ្វើការជាមួយធនាគារជាតិនៃកម្ពុជា សមាគម-ធនាគារកម្ពុជា សមាគម FinTech(នាពេលអនាគត) ដើម្បីធ្វើការសិក្សាបន្ថែមលើការបង្កើតយន្តការអនុវត្តហត្ថលេខាឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), ២. បន្តធ្វើការជាមួយគណៈកម្មការមូលបត្រកម្ពុជាដោយផ្តោតទៅលើការប្រមូលទុនដើម្បីគាំទ្រដល់ Tech Startup និងMSMEs របស់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅជំរុញដល់នវានុវត្តន៍ គំនិតច្នៃប្រឌិត និងការប្រមូលផ្តុំយុវជនមានទេពកោសល្យ, និងបង្កើតឱកាសសម្រាប់យុវជនជំនាន់ក្រោយ។

គួរបញ្ជាក់ផងដែរថាវេទិកាទី៤នៃTech Startup and MSMEs Forum 2018  បានផ្តោតស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួន០៤(បួន) ដែលត្រូវបានយកមកពិភាក្សាដោយវាគ្មិនមានបទពិសោធន៍មកពីបណ្តាល់ស្ថាប័នពាក់ព័ន្ធ ដែលប្រធានបទទាំងនោះមានដូចជា ១. ការជំរុញសុវត្ថិភាពប្រតិបត្តការតាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈ  អត្តសញ្ញាណឌីជីថល (Enhancing Online Transaction Security through Digital Identity) ២. ដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតក្នុងព្រះរាជាណាចក្រកម្ពុជា (Innovative Payment Solutions in Cambodia)។ ៣. បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និង៤. សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងព្រះរាជាណា-ចក្រកម្ពុជា (Cybersecurity Landscape in Cambodia)។ បទបង្ហាញជាច្រើនត្រូវបានលើកយកមកពិភាក្សា ចែករំលែក និងផ្លាស់ប្តូរការយល់ឃើញក្នុងគោលបំណងប្រមូលធាតុចូលកក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុព្រមទាំងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលជា សសរស្តម្ភគាំទ្រដ៏សំខាន់ក្នុងចំណោមសសរស្តម្ភទាំងឡាយក្នុងការជំរុញកម្ពុជាទៅកាន់សេដ្ឋកិច្ចឌីជីថល៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍