ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារនៅទីស្ដីការក្រសួង។
ក្នុងកិច្ចពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ តាមរយៈជំនួបពិភាក្សាការងារនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែល្អប្រសើរ ជាពិសេសលើគម្រោង Digital Village ដែលនឹងជម្រុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ដែលក្នុងនោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។
ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារដែលមានមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
តាមរយៈកិច្ចពិភាក្សានោះ ភាគីឥណ្ឌាបានសម្រេចជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាកន្លែងសាកល្បងដំបូងក្នុងការអនុវត្តគម្រោងភូមិឌីជីថល (Digital Village)។