សិក្ខាសាលាស្តីពី “ការគ្រប់គ្រង និងការដេញថ្លៃហ្វ្រេកង់ស៍វិទ្យុ”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការគ្រប់គ្រង និងការដេញថ្លៃហ្វ្រេកង់ស៍វិទ្យុ” ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍ ទូរគមនាគមន៍កម្ពុជា ព្រមទាំងតំណាងមកពីបណ្ដាប្រតិបត្តិករនានា សរុបចំនួន ១៥៣នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (MSIT) ព្រមជាមួយទីភ្នាក់ងារសង្គមព័ត៌មាន (NIA) នៃសាធារណៈរដ្ឋកូរ៉េ។ 

គោលបំណងការរៀបចំឱ្យមានសិក្ខាសាលានេះ គឺក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ហ្វ្រេកង់ស៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ឱ្យកាន់តែរឹងមាំ ព្រមទាំងការរៀបចំផែនការ និងនីតិវិធីក្នុងការផ្លាស់ប្ដូរប្រព័ន្ធ Analog ទៅជាប្រព័ន្ធ Digital។ ក្នុងនោះ អង្គសិក្ខាសាលាបានផ្តោតទៅលើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការដេញថ្លៃហ្វ្រេកង់ស៍វិទ្យុរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលជាធនធានដ៏សំខាន់មួយរបស់ជាតិ ព្រមទាំងចែករំលែកពីការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យាវិសាលគមជំនាន់ទី៥ (5G Spectrum) ក៏ដូចជាវឌ្ឍនភាពនៃការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន បណ្តាញទូរគមនាគមន៍នៅសាធារណៈរដ្ឋកូរ៉េ និងនៅលើពិភពលោកផងដែរ។

ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

តាមរយៈអង្គសិក្ខាសាលានេះ យើងទទួលបានចំណេះដឹង និងបទពិសោធន៍សំខាន់ៗមួយចំនួន ដើម្បីជាធាតុចូលក្នុងការរៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្ត ដែលមានភាពស៊ីសង្វាក់គ្នា ដើម្បីគ្រប់គ្រងវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលមានការវិវត្តជាលំដាប់៕


 

អត្ថបទជាប់ទាក់ទង