ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍លើវិស័យ ICT និងកាលានុវត្តន៍ភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគាសុខាភ្នំពេញ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងកាលានុវត្តន៍ភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា” ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ប.ទ. តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា និងប្រតិបត្តិករនានាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាស៍ថា វេទិការដ៏មានសារៈសំខាន់មួយ ដែលបានផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាជាតួអង្គដ៏សំខាន់ៗមកពីបណ្ដាក្រសួងស្ថាប័ន ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក បានជួបជុំប្រមូលផ្តុំគ្នាដើម្បីធ្វើការចែករម្លែកពីគោលបំណងរួមក្នុងគោលដៅទាក់ទាញវិនិយោគិនបន្ថែមទៀតចូលមកវិនិយោគក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាត្រូវការការវិនិយោគបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនឱ្យមានការរីកចម្រើនដូចសមាជិកអាស៊ានដទៃទៀត ហើយវិស័យឯកជនជាតួអង្គយ៉ាងសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាដើរឆ្ពោះទៅមុខផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមទៀតថា បញ្ហាចម្បងៗដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងវេទិកានេះគឺ ទាក់ទងទៅនឹងការបង្ហាញពីទិដ្ឋភាពផ្សេងៗនៃការអភិវឌ្ឍវិស័យធុរៈកិច្ច និងការវិនិយោគ ក្នុងគោលដៅស្វែងរកឱកាសវិនិយោគបន្ថែមទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការចូលរួមធ្វើបទបង្ហាញ និងជជែកពិភាក្សារបស់វាគ្មិនដែលមានបទពិសោធន៍ខ្ពស់ នឹងផ្តល់ឱ្យយើងនូវធាតុចូលសំខាន់ថ្មីៗ ហើយយើងជឿជាក់ថាក្រុមហ៊ុនអាជីវកម្មក្នុងស្រុកទាំងអស់នឹងអាចរកបាននូវដៃគូធុរៈកិច្ចដែលអាចជឿទុកចិត្តគ្នាទៅវិញទៅមក និងសម្រេចគោលដៅរួមគ្នា។ ឯកឧត្ដមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា វេទិកានេះនឹងផ្តល់ឱ្យក្រុមហ៊ុនទាំងអស់នូវការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀត៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍