ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំសិក្ខាសាលាពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាស្តីពី "ការពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន" នៅថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៧៥ នាក់ មកពីបណ្តាសាលារាជធានី/ខេត្ត។

 ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
 

សិក្ខាសាលានេះ សហការរៀបចំដោយនាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក និងនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗដល់សិក្ខាកាមដូចជា៖
–  ស្ថានភាពនៃការអភិវឌ្ឍសេវាឌីជីថលរដ្ឋាភិបាល និងបញ្ហាប្រឈមសម្រាប់កម្ពុជា 
–  ស្វែងយល់អំពីសូច្ចនាករសំខាន់ៗក្នុងដាក់ដំណាត់ថ្នាក់ការអភិវឌ្ឍរដ្ឋាភិបាល
អេឡិកត្រូនិករបស់អង្គការ UNDESA
–  ស្វែងយល់អំពីជំហានក្នុងការអភិវឌ្ឍសេវាឌីជីថលរដ្ឋាភិបាល 
–  ស្វែងយល់អត្តប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធវេទិកាវែបសាយរួម (Common Web Portal Platform) ប្រព័ន្ធវេទិកាសេវាសាធារណៈ (Digital Service Platform) និងប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណអ្នកចុះឈ្មោះប្រើសេវារួម (Common Single Sign On) 
–  កិច្ចពិភាក្សាតុមូលដើម្បីកំណត់បញ្ហាប្រឈម និងសំណូមពរអំពីយន្តរួមគ្នាមួយដើម្បីអភិរឌ្ឍវែបសាយ សេវាឌីជីថលប្រកបដោយជោគជ័យ និងចេរភាព
–  និងចែករំលែកចំណេះដឹងមូលដ្ឋានអំពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន រួមទាំងគន្លឹះសំខាន់ៗអំពីសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីម៉ែល បណ្តាញសង្គម និងវេបសាយ។ 
 

ក្នុងមតិបើកសិក្ខាសាលា ឯកឧត្តម ជុន វ៉ាត បានលើកឡើងអំពីទិសដៅមូលដ្ឋានសំខាន់ពីរ ដាក់ចេញដោយគោលនយោបាយអភវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០២០ ដែលគ្រប់បណ្តាក្រសួង/ស្ថាប័នត្រូវសម្រេចឱ្យបាននៅឆ្នាំ២០២០គឺ ១. គ្រប់ក្រសួង/ស្ថាប័នរដ្ឋាភិបាលមានគេហទំព័រផ្ទាល់ខ្លួន ១០០% នៅឆ្នាំ២០២០ និង២. គ្រប់ក្រសួង/ស្ថាប័នរដ្ឋាភិបាលមានប្រព័ន្ធអ៊ីម៉ែលផ្ទាល់ខ្លួន ១០០% នៅឆ្នាំ២០២០។ ឯកឧត្តមក៏បានលើកឡើងអំពីសេវារបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គាំទ្រដល់
បណ្តាក្រសួង/ស្ថាប័នដោយមិនគិតថ្លៃដូចជា ១. ការតភ្ជាប់ក្រសួង/ស្ថាប័នដោយបណ្តាញអ៊ីនធឺណិតល្បឿនលឿន ២. សេវាមជ្ឈមណ្ឌលទិន្នន័យរួមកំពុងផ្តល់សេវាបង្ហោះគេហទំព័រ អ៊ីម៉ែល និងសូហ្វវែរកម្មវិធីរដ្ឋាភិបាល ៣. សេវាតាមដាន និងជូនដំណឹងអំពីសុវត្ថភាពរាល់ប្រព័ន្ធដែលដាក់ដំណើរការក្នុងមជ្ឈមណ្ឌលទិន្នន័យ ៤. សេវាប្រឹក្សាយោបល់អភិវឌ្ឍសូហ្វវែរកម្មវិធីសំរាប់រដ្ឋាភិបាលអេឡិកត្រូនិក ។ល។

ការអភិវឌ្ឍសេវាឌីជីថលគឺជាដំណើរក្នុងរយៈពេលវែង ដែលត្រូវអនុវត្តក្នុង៤ជំហានគឺ ជំហានទី១. ចាប់ផ្តើមផ្តល់ព័ត៌មាននិងនិតិវិធីអំពីសេវាអនឡាញ ជំហានទី២. ផ្តល់ព័ត៌មាន និតិវិធីអំពីសេវា និងទាញយកទំរង់បែបបទស្នើសុំសេវា ជំហានទី៣. ការប្រតិបត្តការសេវាតាមទំរង់ឌីជីថល (Online Form) ក្នុងលក្ខណៈដាច់ដោយឡែកម្តងមួយសេវាៗ និងជំហានទី៤.  ការប្រតិបត្តការសេវាតាមទំរង់ឌីជីថល (Online Form) ក្នុងលក្ខណៈរួមបញ្ចូលគ្នានូវសេវាដែលពាក់ព័ន្ធគ្នា(អ្នកស្នើសុំបំពេញតែ១ដង)។ បច្ចុប្បន្នកម្ពុជាសម្រេចបានជំហានទី១ ចំនួន ១០០% នៅថ្នាក់ក្រសួង និងចំនួន៥២% នៅថ្នាក់ខេត្ត ហើយការអភិវឌ្ឍធនធានមនុស្ស ការកំណត់និតិវិធីនិងយន្តការអនុវត្ត និងការជ្រើសរើស
បច្ចេកវិទ្យាឱ្យស្របតាមជំហាននីមួយៗគឺជាយន្តការធានាបានជោគជ័យក្នុងការអភិវឌ្ឍសេវាឌីជីថលប្រកបដោយចេរភាព។


 

អត្ថបទជាប់ទាក់ទង