ប្រតិភូកម្ពុជាចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីសន្តិសុខលើប្រព័ន្ធអុីនធឺណិតលើកទី៣ នៅប្រទេសសិង្ហបុរី

សឹង្ហបុរី៖ ឯកឧត្តម ជា មានិត អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីសន្តិសុខលើប្រព័ន្ធអុីនធឺណិត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

សន្និសីទនេះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងសន្តិសុខអុីនធឺណិត អគ្គលេខាធិការអាស៊ាន និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីជួបពិភាក្សាគ្នាលើបញ្ហាមួយចំនួនដូចជា៖

១-កិច្ចប្រឹងប្រែងសម្រាប់ការងារសម្របសម្រួលផ្នែកសន្តិសុខតាមប្រព័ន្ធអុីនធឺណិតនៅក្នុងតំបន់អាស៊ាន។
២-និយាមអន្តរជាតិពាក់ព័ន្ធទៅនឹងឥរិយាបទនៃការប្រព្រឹត្តរបស់រដ្ឋនៅក្នុង Cyberspace និង
៣-កិច្ចការពាក់ព័ន្ធផ្សេងៗទៀត។

សមាជិកនៃប្រទេសអាស៊ានដែលបានចូលរួមក្នុងសន្និសីទនេះ បានទទួលស្គាល់ភាពចាំបាច់ដើម្បីមាននូវយន្តការមួយសម្រាប់សម្របសម្រួលផ្នែកសន្តិសុខអុីនធឺណិតនៅក្នុងអាស៊ាន ហើយដែលមានលក្ខណ:ងាយស្រួលក្នុងការបត់បែនទៅតាមតម្រូវការនៃការវិវត្តនៃបច្ចេកវិទ្យា និងអាចទទួលបានការគាំទ្រពីគ្រប់ផ្នែកទាំងអស់នៅក្នុងយន្តការពិភាក្សារបស់អាស៊ាន។

ជាមួយគ្នានេះផងដែរ សន្និសីទបានលើកយកអំពីនិយាមអន្តរជាតិដែលត្រូវបានដាក់ចេញជាអនុសាសន៍ដោយ United Nation Group of Governmental Experts (UNGGE) ក្នុងឆ្នាំ២០១៥ ចំនួន ១១ចំនុច ដើម្បីឱ្យប្រទេសជាសមាជិកអាស៊ានចាប់ផ្តើមធ្វើការស្វែងយល់ និងបញ្ជ្រាបការយល់ដឹង ព្រមទាំងការពង្រឹងសមត្ថភាពជំនាញដល់ភាគីពាក់ព័ន្ធអំពីនិយាមទាំងនោះ ក្នុងគោលបំណងដើម្បីឈានទៅដល់ការឯកភាពគ្នាបង្កើតជានិយាមថ្នាក់តំបន់ (អាស៊ាន) នាពេលអនាគត៕


 

អត្ថបទជាប់ទាក់ទង