លោកបណ្ឌិត ជាង សុភ័ក្រ ទទួល​ជួប​ពិភាក្សា​កាងារ​ជាមួយ​ប្រតិភូ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ចិន​ 

ទីស្ដីការក្រសួង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកបណ្ឌិត ជាង សុភ័ក្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចិន (China Academy of Information and Communication Technology) នៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន ដឹកនាំដោយលោក Chen Lei ប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រព័ន្ធបណ្តាញ នៃមន្ទីរពិសោធន៍បច្ចេកវិទ្យាទូរគមនាគមន៍ចិន។

លោកបណ្ឌិត ជាង សុភ័ក្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍
 

កិច្ចពិភាក្សានេះ មានគោលបំណងធ្វើការផ្លាស់ប្តូរយោបល់ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការធ្វើតេស្ត និងវិញ្ញាបនបត្រស្តង់ដាគ្រឿងសម្ភារៈបរិក្ខាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ កិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅប្រទេសតាមបណ្តោយទន្លេមេគង្គ ដើម្បីប្រមូលធាតុចូលក្នុងការអនុវត្តគម្រោងក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺគម្រោងសិក្ខាសាលាស្តីពី ”ការធ្វើតេស្ត និងវិញ្ញាបនបត្រស្តង់ដាគ្រឿងសម្ភារៈបរិក្ខាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រវាងប្រទេសចិន និងបណ្តាប្រទេសមេគង្គ-ឡានឆាង (ICT Technology Test and Certification Workshop between China and Mekong-Lancang Countries)” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ដល់០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហានចូវ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើបច្ចុប្បន្នភាពនៃការធ្វើតេស្ត និងវិញ្ញាបនបត្រស្តង់ដាគ្រឿងសម្ភារៈបរិក្ខាទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ប្រទេសទាំងពីរ និងបានឯកភាពពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចិន លើការស្រាវជ្រាវរួម ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរបទពិសោធន៍៕


 

អត្ថបទជាប់ទាក់ទង