សន្និសីទសារព័ត៌មាន ស្តីពីដំណើរការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨  បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.) សម័យប្រជុំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ចប់ ក្រុមប្រឹក្សាមូលនិធិ ស.អ. បានរៀបចំសន្និសីទសារព័ត៌មានអំពីដំណើរការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ  អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ.  អមដោយ ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និង ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍។

ក្នុងឱកាសសន្និសីទសារព័ត៌មាននេះ ឯកឧត្តម កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា ជាលទ្ធផលនៃការអនុវត្តច្បាប់ទូរគមនាគមន៍ និងការបង្កើតមូលនិធិ ស.អ. នេះឡើងក្នុងឆ្នាំ២០១៧ មានប្រតិបត្តិករទូរគមនាគមន៍ចំនួន ៨៧% (ប៉ែតសិបប្រាំពីរភាគរយ) បានបង់វិភាគទានចូលមូលនិធិ ស.អ. ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់ និងលើកកម្ពស់ដល់ការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍  បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ស្របតាម ផែនការ ស.អ. ឆ្នាំ២០១៧-២០១៨ ដែលបានដាក់ចេញដោយក្រុមប្រឹក្សាមូលនិធិ ស.អ. ថវិកាមូលនិធិ ស.អ. បានចំណាយលើការអនុវត្តគម្រោងជាច្រើនរួមមាន៖
១. ការផ្តល់អាហារូបករណ៍ដល់និសិ្សតសិក្សាផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ចំនួន៨៤នាក់ (៣០នាក់នឹងចូលរៀនក្នុងឆ្នាំ២០១៩) ដែលក្នុងនោះមានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងថ្នាក់អនុបណ្ឌិត ចំនួន០៣នាក់ និងបរិញ្ញាបត្រសិក្សាក្នុងស្រុក ចំនួន៨១នាក់ និងការផ្តល់ថវិកាទ្រទ្រង់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (បគព-ICT) ជាក់ស្តែងដល់និសិ្សតបានចំនួន២គម្រោង រួមមាន Soft Skill Training ក្នុងវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមនិងព័ត៌មាន (ទ-បគព) និងកម្មវិធី Cambodia ICT Volunteer។
២. ការស្ថាបនាបន្ទប់កុំព្យូទ័រនៅតាមវិទ្យាល័យចំនួន២០ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានជជែកពិភាក្សារវាងក្រសួងទាំងពីររួចរាល់រងចាំការអនុវត្តក្នុងពេលដ៏ខ្លីខាងមុខ។ 
៣. ផ្តល់ថវិកាដល់ការងារស្រាវជ្រាវចំនួនបី ដែលកិច្ចការស្រាវជ្រាវនឹងចាប់ផ្តើមក្នុងពេលខាងមុខ ដោយការស្រាវជ្រាវទាំងនោះរួមមាន IoT, Data Science និង Khmer Language Processing។
៤. ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ប.គ.ព-ICT) ដោយបង្កើតនូវបន្ទប់ពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់វិស័យអប់រំ មានដូចជា៖
-Incubation Center នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-Incubation Center នៅសកលវិទ្យាល័យជាតិគ្រប់គ្រង
-ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ការងារគ្រប់គ្រងតាមសាលារៀន
-បន្ទប់ពិសោធន៍ខាងផ្នែកបណ្តាញនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT)
-មជ្ឈមណ្ឌលនវានុវត្តន៍នៅវិទ្យាស្ថានជាតិ NIPTICT ។
៥. ការទ្រទ្រង់សកម្មភាព និងកម្មវិធីមួយចំនួនដើម្បីបង្កើនសហគ្រិនភាពខាងផ្នែកបច្ចេកវិទ្យានៅកម្ពុជា ដោយមាន      ទាំងការបណ្តុះបណ្តាលជំនាញនិងមុខរបរ ព្រមទាំងការប្រកួតប្រជែងទាំងក្នុងនិងក្រៅស្រុកចំនួន ០៧គម្រោង ព្រមទាំងផ្តល់គម្រោង SMEs Go Digital ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ ក្រោមការសម្របសម្រួលពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដឹកនាំដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយគម្រោងនេះនឹងបន្តអនុវត្តនៅឆ្នាំក្រោយៗទៀត។

មុននឹងបញ្ចប់ ឯកឧត្តម កាន ច័ន្ទមេតា្ត បានស្នើឱ្យប្រតិបត្តិករទូរគមនាគមន៍មួយចំនួនតូចដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិ ស.អ. ឆ្នាំ២០១៧ រួសរាន់បង់វិភាគទានមុននឹងក្រុមប្រឹក្សាមូលនិធិ ស.អ. ចាត់វិធានការបន្ទាប់៕


 

អត្ថបទជាប់ទាក់ទង