សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយឱ្យអនុវត្តប្រកាសចំនួនបី ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងបណ្ដាប្រតិបត្តិករប្រៃសណីយ៍”
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៥រោច ខែកត្តិក ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយឱ្យអនុវត្តប្រកាសលេខ ៣១៦បទ.ប្រក ស្ដីពី “ការកំណត់មុខងារនិងភារកិច្ចបន្ថែមរបស់មន្ទីរ ប.ទ.ខេត្ត” ប្រកាសលេខ ៤៩៨សហវ.ប្រក ស្ដីពី “ការផ្ដល់សេវាសាធារណៈដោយក្រសួង ប.ទ.ពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍និងនីតិវិធីផ្ដល់សេវា” និងប្រកាសលេខ ៣១៤ប.ទ.ប្រក ស្ដីពី “ការដាក់ឱ្យប្រើប្រាស់ទម្រង់បែបបទសម្រាប់ការផ្ដល់សេវាសាធារណៈដោយក្រសួង ប.ទ. ពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍” ដល់មន្ទីប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងបណ្ដាប្រតិបត្តិករប្រៃសណីយ៍នានា ដែលកំពុងប្រតិបត្តិការក្នុងកម្ពុជា។ អង្គសិក្ខាសាលាមានការចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មន្ទីរ ប.ទ.ខេត្ត និងលោក-លោកស្រី តំណាងសហគ្រាស ប្រតិបត្តិករប្រៃសណីយ៍ជាច្រើនរូបផងដែរ។
ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
យោងតាមខ្លឹមសាររបស់សិក្ខាសាលានេះ ចំពោះមន្ទីរ ប.ទ.ខេត្ត គឺជាការប្រតិភូកម្មអំណាចបន្ថែមពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិឲ្យមានការយល់ដឹងច្បាស់លាស់ទៅតាមជំនាញ ដើម្បីបម្រើសេវាប្រកបដោយប្រសិទ្ធិភាព។ ចំពោះប្រតិបត្តការប្រៃសណីយ៍ត្រូវឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារនៃប្រកាសតាមខ្លឹមសារនៃលក្ខខណ្ណផ្តល់សេវា និងតាមខ្លឹមសាររបស់បទដ្ឋានគតិយុត្តដែលមានធារមាន សំដៅដល់ការបម្រើសេវា ការផ្តល់សេវា និងការទទួលសេវារបស់អតិថិជនប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងកាទទួលខុសត្រូវខ្ពស់។
អង្គសិក្ខាសាលាបានសម្រេចឱ្យគ្រប់មន្ទីរ ប.ទ. ខេត្ត និងប្រតិបត្តករប្រៃសណីយ៍ អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពខ្ពស់រៀងៗខ្លួនតាមខ្លឹមសារប្រកាសទាំង៣ ខាងលើ ដើម្បីកៀរគរចំណូលចូលថវិកាជាតិ៕