​ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា 

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបូរី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយតំណាងមូលនិធិអន្តរជាតិ Temasek និងតំណាងសហគ្រាសសហប្រតិបត្តការសិង្ហបូរី SCE ដែលបានសហការរៀបចំកម្មវិធីកសាងសមត្ថភាពបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជាកន្លងមក និងថ្ងៃនេះបន្តជួយជំហ៊ានទី២ បន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ភាគីសិង្ហបូរី ដែលបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងដល់ក្រសួង ប.ទ ក្នុងការបណ្ដុះបណ្ដាលកន្លងមក និងនៅតែបន្តជួយជ្រោមជ្រែងដល់ក្រសួង។ ក្រសួង ប.ទ នឹងបន្តខិតខំបង្កើនប្រសិទ្ធភាពការងារ កំណត់អាទិភាព និងជំនះគ្រប់ឧបសគ្គដើម្បីជម្រុញការអភិវឌ្ឍបច្ចេកវិទ្យាជាពិសេសសេវាឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គរដ្ឋទូត បានកោតសរសើរដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកសុខសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ចជាតិរហូតមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ រដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបូរីមានមោទនភាពណាស់ដែលកន្លងមកគម្រោងដែលបានជួយដល់កម្ពុជាទទួលបានជោគជ័យជាទីមោទន:។ ការបើកដំណើរការគម្រោងកសាងសមត្ថភាពលើវិស័យ ICT ដំណាក់កាលទី២ ថ្ងៃនេះ ពិតជាកម្រខ្លាំងណាស់សម្រាប់សិង្ហបូរី។ ប៉ុន្តែដោយសារភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួង ប.ទ ទើប រដ្ឋាភិបាលសិង្ហបូរីរួមជាមួយមូលនិធិអន្តរជាតិ Temasek និងសហគ្រាសសហប្រតិបត្តិការសិង្ហបូរី SCE សម្រេចចិត្តបន្តជួយកំណាក់កាលទី២ និងមានបំណងជួយពង្រឹងដល់វិស័យប្រៃសណីយ៍បន្ថែមទៀត៕


 

អត្ថបទជាប់ទាក់ទង