ជំនួបពិភាក្សាទ្វេភាគីរវាងកម្ពុជានិងវៀតណាមលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគនាគមន៍ មានជំនួបពិភាក្សាទ្វេភាគី លើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រវាងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគនាគមន៍នៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ភាគីកម្ពុជា ដឹកនាំដោយ លោក នាង ម៉ៅ អគ្គនាយករងនៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍ ហេីយភាគីវៀតណាម ដឹកនាំដោយ លោក Phan Thao Nguyen អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងព័ត៌មាននិងគមនាគមន៍ វៀតណាម។
ជំនួបទេ្វភាគីនោះបានផ្តោតការយកចិត្តទុកដាក់សំខាន់លើការពង្រឹងយន្តការសហប្រតិបត្តិការ ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ និងការងារបណ្តុះបណ្តាលបច្ចេកទេសពាក់ព័ន្ធទៅនឹងបទដ្ឋានគតិយុត្ត ការគ្រប់គ្រង និងប្រតិបត្តិការលើផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
ក្នុងជំនួបនោះដែរ ភាគីវៀតណាមបានអញ្ជើញមន្រ្តីកម្ពុជា ទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសវៀតណាម ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើបទពិសោធន៍ យន្តការ និងនីតិវីធីក្នុងការជំរុញការងារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕