សិក្ខាសាលាស្តីពី “បណ្តាញសង្គមនិងសន្តិសុខព័ត៌មានវិទ្យា-Social Network and Cybersecurity”
នៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រសួងព័ត៌មាននិងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំសិក្ខាសាលាស្តីពី “បណ្តាញសង្គមនិងសន្តិសុខព័ត៌មានវិទ្យា-Social Network and Cybersecurity)” ដោយមានការចូលរួមពីសំណាក់អ្នកនាំពាក្យគ្រប់ក្រសួង ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ប្រធានសមាគមអ្នកសារព័ត៌មាន ប្រតិបត្តិករផ្តល់សេវាអុីនធឺណិត តំណាងនៃក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា សរុបចំនួន ១៨០នាក់។
នៅក្នុងសិក្ខាសាលានោះ អ្នកជំនាញរបស់កម្ពុជានិងវៀតណាមបានចែករំលែកគ្នាទៅវិញទៅមកអំពីព័ត៌មាន បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធទៅនឹងការប្រើប្រាស់ គោលនយោបាយ និងនិយ័តកម្មលើបណ្តាញទំនាក់ទំនងសង្គមនានា ដែលមានដូចជា Facebook Google YouTube Line និង Whatsup ជាដើម ហើយបានធ្វើបទបង្ហាញនិងពិភាក្សាអំពីការវាយប្រហារ ការគំរាមកំហែង និងដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខព័ត៌មានវិទ្យាផងដែរ។
គួរគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសអន្តរក្រសួងលេខ ១៧០ប្រក.អន្តរក្រ. រវាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមនានា។
ប្រទេសទាំងពីរ (កម្ពុជានិងវៀតណាម) នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍និងចំណេះដឹង ដើម្បីស្វែងរកដំណោះស្រាយល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម សន្តិសុខព័ត៌មានវិទ្យា ព្រមទាំងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផងដែរ៕